កូរ៉េខាងត្បូង និងថៃ នឹងរៀបចំកិច្ចប្រជុំកំពូល ស្តីពីកិច្ចសហប្រតិបត្តិការ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់

AKP ភ្នំពេញ  ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ — មេដឹកនាំនៃប្រទេសកូរ៉េខាងត្បូងនិងថៃនឹងធ្វើកិច្ចចរចាកំពូលនៅទីក្រុងបាងកក នៅថ្ងៃ​ចន្ទនេះជាចម្បងលើការធ្វើការងាររួមគ្នាដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មលើកទី៤។

ប្រធានាធិបតីលោក មូន ជេ-អ៊ីន បានមកដល់ទីក្រុងបាងកកមួយថ្ងៃមុន ដោយក្លាយជាមេដឹកនាំទីមួយរបស់ប្រទេសកូរ៉េខាងត្បូង ដែលធ្វើទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍​មួយនេះក្នុងរយៈពេល ៧ឆ្នាំកន្លងមក។

ជាដំបូងលោកនឹងចូលរួមក្នុងពិធីស្វាគមន៍មួយ ដែលរៀបចំឡើងដោយនាយករដ្ឋមន្រ្តី​លោក ប្រាយុទ្ធ ចាន់ -អូ-ចា ដែលនឹងធ្វើឡើងនៅវិមានរដ្ឋាភិបាលនៃប្រទេសថៃ ដែលត្រូវបានគេ​ស្គាល់​ថា ជា Thai Ku Fa។

ពួកគេគ្រោងនឹងមានកិច្ចប្រជុំកំពូលមួយ ដោយផ្តោតលើវិធីដើម្បីពង្រីក និងពង្រឹង​ភាព​ជា​ដៃគូ​ទ្វេភាគី។ ជាពិសេសប្រទេសកូរ៉េខាងត្បូងសង្ឃឹមថា ​នឹងបង្កើតភាពស៊ីសង្វាក់គ្នា​រវាងកម្លាំងជំរុញប្រកបដោយភាពច្នៃប្រឌិតរបស់ខ្លួន និងគម្រោង« ថៃ ៤.០ » ។

លោក មូន បាននិយាយនៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរ ជាមួយកាសែត​បាង​កក​ប៉ុស្តិ៍មុនពេលធ្វើទស្សនកិច្ចនៅទីក្រុងបាងកកថា ខ្ញុំចាត់ទុកទំនាក់ទំនងជាមួយ​ប្រទេស​ថៃ មានសារៈសំខាន់ណាស់ ហើយខ្ញុំចង់ឃើញទំនាក់ទំនងសហប្រតិបត្តិការ​របស់​យើងឈានទៅមុខថែមទៀត។ កិច្ចសហ-ប្រតិបត្តិការទ្វេភាគីរបស់យើងនឹងបន្តពង្រីក។ ខ្ញុំក៏​សង្ឃឹមផងដែរ ចំពោះប្រទេសយើងទាំងពីរ ដែលធ្វើការជាមួយគ្នាក្នុងការឆ្លើយតបទៅនឹង​យុគសម័យបដិវត្តឧស្សាហកម្មលើកទី៤។

លោកបានលើកឡើងពីយានយន្តជំនាន់ក្រោយ មនុស្សយន្ត ជីវសាស្រ្ត និងអេឡិច​ត្រូនិច​ឆ្លាត​វៃដូច​ជាឧស្សាហកម្មដែលប្រទេសទាំងពីរត្រូវការសហការគ្នា។

លោក មូន ក៏ត្រូវបានគេរំពឹងថា នឹងស្នើសុំការគាំទ្រពីរដ្ឋាភិបាលថៃសម្រាប់កិច្ចប្រជុំ​កំពូល​ពិសេសរវាងកូរ៉េខាងត្បូង និងអាស៊ានដែលនឹងត្រូវធ្វើឡើងនៅទីក្រុងប៊ូសាននៅថ្ងៃទី ២៥-២៦ ខែវិច្ឆិកា និងកិច្ចប្រជុំកំពូលដាច់ដោយឡែកនៅថ្ងៃបន្ទាប់រវាងលោក មូន និងសមភាគី​របស់លោកមកពីប្រទេសអាស៊ានចំនួន៥ ដែលមានទីតាំងនៅជុំវិញទន្លេមេគង្គ រួមមាន ប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ ថៃ និងវៀតណាម។ ប្រទេសថៃកាន់តំណែងជាប្រធាន​អាស៊ាននៅឆ្នាំនេះ៕

(ប្រភពយន់ហាប់: បកប្រែដោយលោក មាស សំអុល)