មេដឹកនាំកូរ៉េខាងជើងមានបំណងរឹតចំណងមិត្តភាពជាមួយវៀតណាម

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ — ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ក្រុងព្យុងយ៉ាងបានរាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំ​កូរ៉េខាងជើងលោក គីម ជុង-អ៊ុន បានសម្តែងក្តីសង្ឃឹមថា នឹងមានចំណងទាក់ទងកាន់តែខ្លាំង ជាមួយប្រទេសវៀតណាមនៅក្នុងសារមួយ ដើម្បីអបអរថ្ងៃឈប់សម្រាកជាតិ នៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

តាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ(KCNA)បានឱ្យដឹងថា លោក គីម បានសម្តែងនូវជំនឿយ៉ាងមុតមាំថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្ស និងប្រទេសយើងទាំងពីរ ដែលមានប្រវត្តិ និងប្រពៃណីយូរអង្វែងនឹងកាន់តែរឹងមាំឡើង។

នៅក្នុងសារនោះ លោក គីម បានលើកឡើងពីដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកទៅកាន់ប្រទេសវៀតណាមកាលពីខែមីនាកន្លងទៅដោយលោកបាននិយាយថា បានផ្តល់នូវ «ឱកាសដ៏សំខាន់ » ក្នុងការពង្រឹង និងអភិវឌ្ឍន៍ចំណងទាក់ទងទ្វេភាគី និងជា​មិត្តភាព។

កាលពីចុងខែកុម្ភៈ លោក គីម បានធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម សម្រាប់កិច្ច​ប្រជុំកំពូលលើកទី២ របស់លោក ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក គីម ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីវៀតណាម លោក ង្វៀន ភូត្រុង និងមន្ត្រីជាន់ខ្ពស់ដទៃទៀត ហើយបានសម្តែងក្តីសង្ឃឹម ចំពោះការបង្កើនកិច្ច​សហប្រតិបត្តិការ និងផ្លាស់ប្តូរជាមួយវៀតណាមលើគ្រប់វិស័យ។

កាលពីខែមិថុនា KCNA បានរាយការណ៍អំពីការមកដល់នៃជំនួយស្បៀងអាហារពីប្រទេស វៀតណាម ដោយមិនបានផ្តល់ព័ត៌មានលំអិតនោះទេ៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)