ក្រសួងធនធានទឹកអំពាវនាវឲ្យពលរដ្ឋប្រុងយ័ត្នពីឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់នៅតាមបណ្តាខេត្តមួយចំនួន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធី​ណា​ ឌី​ណេ​៖

ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ខ្លំាងនៅតាមបណ្តាញខេត្ត ពិសេសតំបន់មាត់សមុទ្រ ដោយសាររងប្រព័ន្ធសម្ពាធទាបពីប្រទេសឡាវ ថៃ និងវៀតណាម ។
ឯកឧត្តមចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់វិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី២ ខែកញ្ញានេះថា ចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី០៩ ខែកញ្ញានេះទៅ បណ្ដាខេត្តក្រុងនានានឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ហើយបណ្តាខេត្តនៅភាគពាយ័ព្យ ខេត្តជាប់ ជួរភ្នំដងរែកនិងខ្ពង់រាបឦសានដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាមនឹងអាចមានភ្លៀង ធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ នឹងចាប់ពីថ្ងៃទី០៤ដល់ថ្ងៃទី០៩ ខែកញ្ញា បរិមាណភ្លៀងកាន់តែកើនឡើងក្នុងកម្រិតពីបង្កួរទៅច្រើន។
ឯកឧត្តមបានអៈអាងថា ចំពោះបណ្តាខេត្តនៅជាប់មាត់សមុទ្រពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុនឹងអាចមានភ្លៀងធ្លាក់ច្រើន ហើយផ្អែកតាមស្ថានភាពភ្លៀងធ្លាក់រាយប៉ាយ ពេញផ្ទៃប្រទេសនេះ នឹងធ្វើឲ្យកម្ពស់ទឹកទន្លេមេគង្គកាន់តែហក់ឡើងខ្ពស់ដែលមានអំណោយ ផលល្អដល់វិស័យកសិកម្ម។ ពិសេសបង្កើនបរិមាណប្រភពទឹកក្នុងអាងធម្មជាតិអោយកាន់តែច្រើនដែលជួយដោះស្រាយបញ្ហាខ្វះទឹកនៅតំបន់មួយចំនួននៅភាគខាងលិចនៃប្រទេសផងដែរ។ សម្លេង«ស្ថានភាពអាកាសធាតុបានកំពុងតែវិវឌ្ឍលឿនគួរឲ្យកត់សម្គាល់ ហើយទឹកទន្លេរបស់យើងបើទោះបីជាវាមិនទាន់ឈានទៅដល់កម្រិតដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្នក៏ពិតមែន ប៉ុន្តែវាជាស្ថានភាពមួយដែលខ្ពស់គួរសម ហើយកាលណាបើទឹកខ្ពស់បៀបនេះទាំងចរន្តទាំងល្បឿន ក៏ដូចជាគំនួចរបស់ទឹកនឹងកើតមានច្រើន។ ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់នឹងផ្លូវទឹក ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវទឹកត្រូវបង្កើនការប្រុងប្រយ័ត្នដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។»
សូមបញ្ជាក់ថា ឥទ្ធិពលអាកាសធាតុដែលកំពុងកើតឡើងនេះ ដោយសារតែ កម្ពុជាបាននឹងកំពុងទទួលរងនូវជ្រលង នៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើប្រទេសថៃ ឡាវ និងប្រទេសវៀតណាម ហើយការកកើតឡើងនូវវិសម្ពាធ(TD)រហូតដល់ទៅ២ នៅក្នុងសមុទ្រចិនខាងត្បូងដែលអាចបំប្លែងខ្លួនទៅជាព្យុះនាពេលដ៏ខ្លីខាងមុខ ៕