អាជ្ញាធរសង្កាត់សាមគ្គីក្រើនរំលឹក ប្រជាពលរដ្ឋចំនួន៥ភូមិអោយ ប្រប្រយ័ត្នគ្រោះទឹកជំនន់

វិទ្យុជាតិកម្ពុជា៖ដោយ លោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

អាជ្ញាធរសង្កាត់សាមគ្គីចាប់ផ្ដើមក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុងភូមិចំនួន៥ ដែលរស់នៅ តាមដងទន្លេមេគង្គ សូមលើកកម្ពស់ការប្រប្រយ័ត្នចំពោះគ្រោះទឹកជំនន់ ជាពិសេសមើលថែសមាជិកគ្រួសារ ថែរក្សារកូនចៅ ឱ្យមានសុវត្តិភាព ដើម្បីបញ្ចៀសនូវគ្រោះមហន្តរាយផ្សេង”។
ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកជំនន់កាលពីថ្ងៃទី០១ កញ្ញា លោកជាម៉ាលីចៅសង្កាត់សាមគ្គីបានបញ្ចាក់ថា៖អាជ្ញាធរបានណែនាំជារឿយៗនៅក្នុងរដូវទឹកឡើងដើម្បីត្រៀមបង្ការទាំងសន្តិសុខស្បៀង និងសុវត្ថិភាពក្នុងការរស់នៅក្នុងពេលដែលទឹកទន្លេមេគង្គបានហក់ឡើងជិតដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ព្រោះយើងធ្លាប់រងគ្រោះជាញឹកញាប់មកហើយ ។
លោកហេងធន សមាជិកក្រុមប្រឹក្សាសង្កាត់នេះដែរបានបញ្ជាក់ថា៖ ទោះបីប្រជាពលរដ្ឋយើងធ្លាប់ជួបប្រទះស្ថានភាពបែបនេះជារៀងរាល់ឆ្នាំក៍ដោយ តែការត្រៀមលក្ខណៈប្រុងប្រយ័ត្នចាំបាច់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ បំផុត។
លោកស្រីឡត ទាវ មេភូមិហាងខូសួន សង្កាត់សាមគ្គីបានទទួលស្គាល់ថា៖ នៅភូមិនេះមានប្រជាពលរដ្ឋប្រមាណ៨០គ្រួសារងាយរងផលប៉ះពាល់ជាងគេ ព្រោះទីតាំងលំនៅដ្ឋានដែលពួកគាត់រស់នៅជិតតំបន់អូរ និងមានវាលទំនាប ហើយអាជ្ញាធរភូមិក៍បានត្រៀមលក្ខណៈជួយពួកគាត់ដែរ។
នៅភូមិខ្ញុំបានត្រៀមទូកម៉ាស៊ីន៥ គ្រឿងហើយក៍ជំរាបជូនដល់កងការពារពេលដែលទឹកលិច គឺកងការពារយើងបានជួយជ្រោមជ្រែង គ្រប់ពេលវេលា ដើម្បីកុំឱ្យបងប្អូនយើងមានគ្រោះថ្នាក់។
លោកស្រីសូត្រ សួនប្រជាពលរដ្ឋនៅភូមិហាងខូសួនបានបញ្ជាក់ថា៖បើទឹកឡើងជាធម្មតាបែបនេះពួកកាត់មិនសូវព្រួយបារម្ភទេ តែសភាពដែលត្រូវខ្លាចនោះគឺនៅពេលដែលវាលិចខ្លាំង ដូចកាលពីឆ្នាំ២០១៨មានបាក់ទំនប់សេពានសេណាមណយនៃប្រទេសឡាវ វាឡើងគំហុកនៅពេលយប់ ព្រលប់ខ្លាចពិបាក ក្នុងការជួយសង្គ្រោះ គ្នា។
សូមបញ្ជាក់ថា៖ក្នុងកម្រិតទឹកមានកម្ពស់៩.៩៣ម៉ែត្រនៅទន្លេមេគង្គខេត្តស្ទឹងត្រែង សង្កាត់សាមគ្គីរងផលប៉ះពាល់ចំនួន៥ភូមិក្នុងនោះមានភូមិខនឌិន- ភូមិខាំផាន់ -ភូមិថ្មី-ភូមិហាងខូសួន-និងភូមិហាងខូបាន-ដែលទឹកជំនន់កាត់ផ្តាច់ផ្លូវធ្វើចរារណ៍របស់ប្រជាពលរដ្ឋចំនួន៨កន្លែងក្នុងភូមិទាំងនេះ៕