ទឹកទន្លេឡើង បានធ្វើឱ្យបាក់ច្រាំងទន្លេបាសាក់ ជាង៥០ម៉ែត្រនៅស្រុកស្អាង

APK ភ្នំពេញ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ -តាមការផ្សាយព័ត៌មានរបស់ ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងទី០១ ខែកញ្ញា ឆ្នាំ២០១៩ បានឱ្យដឹងថា ដោយសារតែមេឃភ្លៀង និងទឹកទន្លេឡើងព្រមជាមួយរលកខ្លាំងផងនោះ បណ្តាលឱ្យបាក់ច្រាំងទន្លេ នៅក្នុងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល បាក់ជាច្រើនកន្លែងចូលទៅក្នុងទន្លេ ដែលចាប់ផ្តើមតាំងយប់ថ្ងៃទី៣១ ខែសីហា រហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅតែបាក់បន្តទៀត។

ករណីរអិលបាក់ច្រាំងទន្លេបាសាក់  មានពីរចំណុចស្ថិតក្នុង ឃុំតាលន់ ស្រុកស្អាង ប្រវែង៥១ម៉ែត្រ ដែលចំណុចទី១ បាននៅក្នុងភូមិក្បាលកោះតូច ដែលមានទទឹងប្រវែង ៣ ម៉ែត្រ និងបណ្ដោយ ៦ម៉ែត្រ។ ចំណុចទី២ នៅក្នុងភូមិកណ្ដាលកោះតូច ដែលមានប្រវែងទទឹង ២,៥០ម៉ែត្រ និងប្រវែងបណ្ដោយប្រមាណ ៤៥ម៉ែត្រ​។

ការរអិលបាក់ច្រាំងទន្លេពីរចំណុចខាងលើនេះ មិនបណ្ដលឱ្យប៉ះពាល់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះឡើយ។ ប៉ុន្តែប្រឈមនឹងការបាក់ជាបន្តទៀត ព្រមទាំងអាចប៉ះពាល់ដល់ផ្លូវជាតិលេខ ១១០ ត្រង់ចំណុច ភូមិក្បាលកោះតូច ឃុំតាលន់ស្រុកស្អង ខេត្តកណ្តាល ព្រោះច្រាំងដល់ទន្លេបានបាក់ដល់ចិញ្ចើមផ្លូវហើយ៕

ដោយ ណយ នឿន