សម្តេចតេជោ ហ៊ុន​ សែន​ បន្តផ្តល់កាដូរពិសេសដល់បងប្អូនកម្មករ-កម្មការិនី​ ប្រើប្រាស់សេវារថយន្តក្រុង និងកាណូតសាធារណៈ ដោយមិនគិតកម្រៃសេវា រយៈពេល០២ឆ្នាំទៀត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖


រាជធានីភ្នំពេញ​៖​ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​បានអោយដឹងថា កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យបងប្អូនកម្មករ-កម្មការិនី​ ប្រើប្រាស់សេវារថយន្តក្រុង (City Bus) និងកាណូតសាធារណៈ (Taxi Boat) ដោយមិនគិតកម្រៃសេវា រយៈពេល០២ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ហើយនឹងត្រូវផុតកំណត់នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩។ ប៉ុន្តែ
ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាជួយសម្រួលដល់ការចំណាយក្នុងការធ្វើដំណើររបស់
បងប្អូនកម្មករ-កម្មការិនីនោះ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតជាគោលការណ៍ឱ្យ
រដ្ឋបាលរាជធានីភ្នំពេញបន្តមិនយកកម្រៃសេវា ចំពោះបងប្អូនកម្មករ-កម្មការិនីទាំងអស់ដែលធ្វើដំណើរតាម
រថយន្តក្រុង និងកាណូតសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus)
រាជធានីភ្នំពេញ រយៈពេល០២ឆ្នាំ បន្តទៀត ដោយគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែកញ្ញា
ឆ្នាំ២០២១ ដោយគ្រាន់តែបង្ហាញកាតធ្វើការងារទៅភ្នាក់ងារបម្រើសេវារបស់រដ្ឋាករ នឹងទទួលបាន
សេវានេះភ្លាម។

អាស្រ័យហេតុនេះ សូមបងប្អូនកម្មករ-កម្មការិនីទាំងមេត្តាជ្រាប និងចូលរួមធ្វើដំណើរតាមរថយន្តក្រុង
និងកាណូតសាធារណៈ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ
ប្រកបដោយសុវត្ថិភាព និងផាសុកភាព៕