រាជរដ្ឋាភិបាលនៅតែច្រានចោលរបាយការណ៍របស់អង្គការសង្គមស៊ិវិល ស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

វិទ្យុជាតិ ៖ ដោយ​ លោក អ៊ឹម ភិរក្សនារីរតនៈ និង លោក សុភា វិសិទ្ឋិពង្ស ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ៖

រាជរដ្ឋាភិបាលនៅតែច្រានចោលរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ថាមិនអាចទទួលយកបានព្រោះធ្វើឡើងដោយមិនឈរលើមូលដ្ឋាននៃការស្រាវជ្រាវច្បាស់លាស់ និងមានលក្ខណៈជាការយកចំណេញផ្នែកនយោបាយ ។
ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលមិនជឿជាក់លើរបាយការណ៍ដែលបានលើកឡើងដោយក្រុមសង្គមស៊ីវិលទំាងនោះឡើយ ព្រោះវាមាននិន្នាការនយោបាយដែលបង្កើតឡើងចង់វាយតម្លៃអាក្រក់មកលើកម្ពុជា ។
ឯកឧត្តមបានបញ្ជាក់ថា ការផ្សព្វផ្សាយរបាយការណ៍មិនពិត ស្តីពីបំណុលប្រជាពលរដ្ឋនេះធ្វើឱ្យសាធារណមតិមានការយល់ច្រឡំ ។
យ៉ាងណាក៏ដោយឯកឧត្តមបានអៈអាងថា បច្ចុប្បន្នវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាកំពុង ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋទំាងនៅទីប្រជុំជន និងទីជនបទ ។
ខ្ញុំចាត់ទុកថាអ្វីដែលជារបស់អង្គការមិនមែនរដ្ឋាបាលទាំងពីរនោះ ចាត់ទុកថាជាការបញ្ចេញយោបល់ប៉ុណ្ណោះ ហើយទាំងអស់គ្នាទាំងអ្នកស្រាវជ្រាវមិនអាចទទួលយកបាន ខាងធនាគារក៏មិនអាចទទួលយកបាន ហើយខ្ញុំនឹងត្រៀមលក្ខណៈអញ្ជើញគាត់មកចូលរួមដើម្បីជជែកគ្នា តើការលើករបស់គាត់ហ្នឹងវាត្រឹមត្រូវដែរឬទេគាត់មានទឡ្ហីករណ៍ច្បាស់ ខ្ញុំនឹងរៀបចំវេទិកាមួយសម្រាប់អញ្ជើញធនាគារ អញ្ជើញខាងផ្នែកស្រាវជ្រាវទាំងអស់គ្នាមកអង្គុយជជែកគ្នា។
ឯកឧត្តម សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា មូលហេតុដែលរាជរដ្ឋាភិបាលចាត់ទុករបាយការណ៍របស់ក្រុមសង្គមស៊ីវិលទំាងនោះមិនឆ្លុះបញ្ចំាងការពិត ដោយសាររបាយការណ៍យកមនុស្សចំនួនតែ២៨ នាក់ដែលមានបញ្ហាក្នុងចំណោមមនុស្ស ២លាន៥សែននាក់ ដូច្នេះវាជារឿងមិនត្រឹមត្រូវហើយការសិក្សាមិនផ្អែកលើវិទ្យាសាស្ត្រ ។
សូមបញ្ជាក់ថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០១៩ ចំនួនអតិថិជនដែលប្រើប្រាស់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានជិត ២លាន១សែននាក់ក្នុងនោះអតិថិជនជិត១ លាននាក់បានខ្ចីប្រាក់តិចជាង៤ លានរៀល ចំណែកអតិថិជនសន្សំប្រាក់មាន ២លាន៥សែននាក់ដែលស្មើនឹង៣ពាន់៤លានដុល្លារ ៕