វេទិកាសេដ្ឋកិច្ចអាស៊ីផ្តោតសំខាន់ទៅលើការប្រកួតប្រជែង និងផលិតភាព

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ វេទិកាសេដ្ឋកិច្ចអាស៊ីឆ្នាំ២០១៩ បានធ្វើពិធីបើកនៅប្រទេសសិង្ហបុរី ដោយមានការចូលរួមពីអ្នកជំនាញ អ្នកប្រាជ្ញ និងអ្នកតំណាងជាង ១៥០នាក់ មកពីប្រទេសជាសមាជិកអាស៊ានចំនួន ១០ និងប្រទេសដទៃទៀត។

ព្រឹត្តិការណ៍ដែលមានរយៈពេល ២ ថ្ងៃនេះ ផ្តោតសំខាន់ទៅលើការប្រកួតប្រជែងសេដ្ឋកិច្ច និងផលិតភាពការងារ ដែលត្រូវបានកែសម្រួលទៅនឹងគុណភាពសេដ្ឋកិច្ច នៃបណ្តាប្រទេសនៅអាស៊ាន ចិន និងឥណ្ឌា។

ទន្ទឹមនឹងនេះដែរ អ្នកចូលរួមកំពុងពិភាក្សាអំពីផលប៉ះពាល់នៃការបម្រែបម្រួលអាកាសធាតុ និងវិធានការណ៍កាត់បន្ថយ រួមជាមួយកំណើនសេដ្ឋកិច្ចពិភពលោកចំពេលខ្សែសង្វាក់តម្លៃពិភពលោក ក៏ដូចជាបញ្ហាប្រឈមដែលសហគ្រាសធុនតូច និងមធ្យមកំពុងប្រឈមទៅនឹងបរិយាកាសនៃការកើនឡើងការប្រឆាំងនឹងសកលភាវូបនីយកម្ម និងការគាំពារនិយម។

ថ្លែងទៅកាន់អ្នកឆ្លើយឆ្លងសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) នៅប្រទេសសិង្ហបូរី លោកបណ្ឌិត Tan Khee Giap ប្រធានគណៈកម្មាធិការជាតិសិង្ហបុរីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប៉ាស៊ីហ្វិកបានឱ្យដឹងថា នៅក្នុងចំណាត់ថ្នាក់ប្រចាំឆ្នាំនៃការប្រកួតប្រជែងសេដ្ឋកិច្ចនៃប្រទេសជាសមាជិកអាស៊ានទាំង ១០ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ៧ អស់រយៈពេលជាយូរមកហើយ។

លោកបានសង្កត់ធ្ងន់ថា ប្រទេសវៀតណាមគួរតែខិតខំបន្ថែមទៀត ជាពិសេសក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស។

លោក Tan ក៏បានសម្តែងក្តីសង្ឃឹមថា សមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចវៀតណាមនឹងត្រូវបានកែលម្អនៅពេលខ្សែសង្វាក់តម្លៃផលិតកម្មកំពុងផ្លាស់ប្តូរ ហើយវៀតណាមកំពុងទាក់ទាញការវិនិយោគពីប្រទេសដទៃទៀត។

លោកបាននិយាយថា ប្រទេសសិង្ហបូរីបានណែនាំឱ្យប្រទេសវៀតណាមបង្កើតសួនឧស្សាហកម្មបន្ថែមទៀត មិនត្រឹមតែនៅភាគខាងត្បូងប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ភាគកណ្តាល និងភាគខាងជើងផងដែរ ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយតុល្យភាពនៅក្នុងស្ថានភាពទាំងមូល៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)