គណៈប្រតិភូទីភ្នាក់ងារ KOICA ចូលរួមសន្និសីទថ្នាក់ជាតិ ស្តីអំពី ៤០​ឆ្នាំ «ការស្វែងរកសន្តិភាព យុត្តិធម៌ និង ការផ្សះផ្សាជាតិនៅកម្ពុជា»

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩  -យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន របស់ការិយាល័យ កយកា(​ KOICA) ​ប្រចាំកម្ពុជា នចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា គណៈប្រតិភូកូរ៉េមួយក្រុម មកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា- KOICA) បានអញ្ជើញចូលរួមក្នុងសន្និសីទថ្នាក់ជាតិ ស្តីអំពី “ ៤០​ឆ្នាំ៖ ការស្វែងរកសន្តិភាព យុត្តិធម៌ និង ការផ្សះផ្សាជាតិនៅកម្ពុជា ” នៅទីក្រុងភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល Phnom Penh Ecumenical Diakonia Center ។

គណៈប្រតិភូដឹកនាំដោយ លោកស្រី គីម ជីយូន (Kim Jiyoon)  អគ្គនាយក នាយកដ្ឋានសហប្រត្តិបត្តិការពហុភាគី និងជំនួយមនុស្សធម៌ របស់ទីស្នាក់ការកណ្តាល កយកា។​ ព្រឹត្តិការណ៍នេះ ដែលមានអ្នកចូលរួមប្រមាណជិត ១៥០នាក់ ក្នុងនោះរួមមាន អ្នកតំណាងមកពីស្ថាប័នកម្ពុជា និងអ្នកចូលរួមពីស្ថាប័នអន្តរជាតិ ។

សេចក្តី​ប្រកាស​ព័ត៌មានបានបន្តថា  គោលបំណងនៃសន្និសីទជាតិនេះ គឺដើម្បីចែករំលែកបទពិសោធន៍ ស្តីពីការគ្រប់គ្រងបណ្ណសារ ដែលទាក់ទងនឹង អំពើប្រល័យពូជសាសន៍។ សន្និសីទនេះនឹងអនុញ្ញាតឱ្យសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ទី១)-ធ្វើទំនាក់ទំនងជាបណ្តាញ ជាមួយស្ថាប័នជាតិ ដែលមានសកម្មភាពទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរក្រហម និង គំនិតផ្តួចផ្តើមកសាងសន្តិភាព និងជាមួយស្ថាប័នស្រដៀងគ្នានៅជុំវិញពិភពលោក។ ទី២)-ដើម្បីផ្លាស់ប្តូរទស្សនវិស័យជាអន្តរជាតិ លើបញ្ហាប្រឈមខាងក្រមសីលធម៌ ដែលនាំមក ដោយការធ្វើឌីជីថលបណ្ណសារ ទាក់ទងនឹងការសម្លាប់រង្គាលក្នុងរបបប្រល័យពូជសាសន៍។

សន្និសីទថ្នាក់ជាតិនេះ ត្រូវបានរៀបចំឡើងនៅក្នុងក្របខ័ណ្ឌនៃ “គម្រោងស្តីពី ការអភិរក្ស និងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ” ដែលទទួលបានការផ្តល់ហិរញ្ញប្បទានជំនួយឥត​សំណង​ ពីទីភ្នាក់ងារ កយកា-KOICA។ សន្និសីទថ្នាក់ជាតិនេះ គឺជាផ្នែកមួយនៃសន្និសីទអន្តរជាតិរយៈពេល០៣ថ្ងៃ ស្តីពី “ការប្រល័យពូជសាសន៍ ការចងចាំ និង សន្ដិភាព” ដែលត្រូវបានរៀបចំឡើង នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា​ ឆ្នាំ២០១៩ ។ សន្និសីទនេះ រៀបចំឡើងដោយ​សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (TSGM) ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដោយមានការគាំទ្រពីទីភ្នាក់ងារ KOICA និង អង្គការយូណេស្កូ។

គួររម្លឹកថា ការចូលរួមចំណែកក្នុងការងារអភិរក្ស និង ធ្វើឌីជីថលបណ្ណសារ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ទីភ្នាក់ងារ KOICA បានគាំទ្រដល់អង្គការយូណេស្កូ ក្នុងការអនុវត្តគម្រោងមួយដែលមានចំណងជើងថា “គម្រោង ស្តីពី ការអភិរក្សនិងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ” ដែលមានទឹកប្រាក់សរុប ១.១៥០.០០០ ដុល្លារអាម៉េរិក ត្រូវបាននិងបន្តអនុវត្តន៍ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩។ គម្រោងនេះត្រូវបានអនុវត្តន៍ក្រោមភាពជាដៃគូរឹងមាំ រវាងទីភ្នាក់ងារ KOICA អង្គការយូណេស្កូ និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង នៃព្រះរាជាណាចក្រកម្ពុជា ៕

ដោយ អ៊ុក សាផាន