ឯកឧត្ដម ងី តាយី រៀបចំកម្មវិធីសប្បុរសធម៌ចែកអាហារពេលព្រឹកនៅមន្ទីរពេទ្យគន្ធបុប្ផាទី៤

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ -ឯកឧត្ដម ងី តាយី រដ្ឋលេខា​ធិការ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​ប្រធាន​ក្រុមប្រឹក្សាជាតិគណនេយ្យ បានរៀបចំ​កម្មវិធីសប្បុរសធម៌ចែកអាហារពេលព្រឹកដល់មាតាបិតា ដែលនាំកូនមកព្យា​បាល​នៅ​មន្ទីរពេទ្យគន្ធបុប្ផាទី ៤ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសចុះសួរសុខទុក្ខ និងសំណេះសំណាលព្រមទាំងចែកអាហារជូនមាតា បិតាដែលនាំកូនតូចៗមកទទួលសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាទី៤នេះ ឯកឧត្ដម ងី តាយី បានមានប្រសាសន៍ថា កម្មវិធីសប្បុរសធម៌នេះធ្វើឡើងក្នុងគោលបំណង ទី១.ជាការរួមចំណែកមួយក្នុងសកម្មភាពសង្គម។ ទី២.ជំរុញឱ្យសប្បុរសជនដទៃទៀត ចូលរួមចំណែកក្នុងការជួយដល់សកម្មភាពសង្គម ។ ទី៣.បង្ហាញពីក្តីស្រឡាញ់ជនជាតិខែ្មរដូចគ្នា ។ ទី៤.ចូលរួមចំណែកជួយសម្រួលដល់ការចាយវាយថវិកា របស់មាតា បិតាមួយចំណែក ។ ទី៥.ពង្រឹងសាមគ្គីភាព និងភាពស្និទ្ធស្នាលរវាងគ្នានិងគ្នា ។ ទី៦. ជាការដាក់ទាន ធ្វើបុណ្យកុសល។

ក្នុងកម្មវិធីសប្បុរសធម៌ចែកអាហារពេលព្រឹកនេះ ឯកឧត្តម បាននាំយក​​​បាយ​ស្រូបចំនួន ១.០០០កញ្ចប់ ទឹកបរិ​សុទ្ធ ១.០០០ដប ផ្លែប៉ោម ១.០០០ផ្លែ ដោយមានការចូលរួមពីសប្បុរសជនមួយចំនួនបានឧបត្ថម្ភគាំទ្រមាន ដូចជា ១)-ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់ក្រុមប្រឹក្សាជាតិគណនេយ្យ​។ ២)-ហាងកាហ្វេ Brew House ។ ៣)-ហាងកាហ្វេ PaPa Brew​​ ។ ៤)-ក្រុមហ៊ុនបាយប្រអប់ The Box Food ។

ជាមួយគ្នានេះ ឯកឧត្ដមបានសំណូមពរ ឱ្យមានការចូលរួមឱ្យកាន់តែច្រើនពីសប្បុរសជនដទៃទៀតក្នុងការរួមចំណែកជួយឧបត្ថម្ភនានា មិនថាជាការឧបត្ថម្ភដល់ខាងមន្ទីរពេទ្យ ឬជាការឧបត្ថម្ភដល់មាតាបិតាដែលនាំកូនមកមន្ទីរពេទ្យទេ វា​សុ​ទ្ធ​តែជាចំណែកមួយជួយដល់ការងារសង្គមផងដែរ។

បន្ថែមលើពីនេះ ឯកឧត្ដម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនដែលបានរួមចំណែកក្នុងសកម្មភាពមួយនេះ មិនថាការជួយជាថវិកាក្តី ជាកម្លាំងពលកម្មក្តី វាបង្ហាញឱ្យឃើញពីសាមគ្គីភាព និងញ៉ាំងឱ្យសកម្មភាពមួយនេះមានរូបរាងឡើងគួរជាទីសាទរ។ ឯកឧត្ដម បានមានប្រសាសន៍ទៀតថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នឹងមានសប្បុរសជនដទៃទៀតចូលរួមចំ ណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ឬដល់មាតាបិតាដែលនាំកូនតូចៗមកមន្ទីពេទ្យបន្ថែមទៀត»។

ឯកឧត្ដម ងី តាយី ក៏បានជូនពរដល់សប្បុរសជនទាំងអស់ មាតាបិតា និងកុមារតូចៗ សូមទទួលបាននូវសុខភាពល្អ ជ័យជម្នះគ្រប់ការងារ និង ជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាពិសេស ឯកឧត្ដម ងី តាយី ក៏បានជូនពរដល់មន្ទីរពេទ្យគន្ធបុប្ផា ឱ្យដំណើរការទៅមុខឱ្យកាន់តែមានភាពល្អប្រសើរជារៀងរហូត៕

ដោយគង់ សិរីរ័ត្ន