ពិធីលែងពូជត្រីចម្រុះ នៅបឹងធម្មជាតិ ត្រង់ចំណុចខ្សែត ខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ​-នៅ​ថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ឈួរ ច័ន្ទឌឿ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងពិធីលែងកូនត្រីចម្រុះចំនួនជាង ៨ម៉ឺនក្បាល ចូលក្នុងបឹងធម្មជាតិ ស្ថិតនៅចំណុច ខ្សែត ក្នុងឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលរៀបចំឡើងដោយខណ្ឌរដ្ឋបាលជលផលខេត្ត និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងមន្ត្រីជំនាញជាច្រើននាក់ទៀត។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា គោលបំណងនៃការលែងកូនត្រីនេះ គឺចង់បំផុស និងលើកទឹកចិត្តឱ្យប្រ​ជា​ពលរដ្ឋ យល់ដឹងពីសារៈសំខាន់នៃធនធានជលផល ចូលរួមថែរក្សា អភិរក្សពូជត្រីសំខាន់ៗ ដែលជិតផុ​ត​ពូ​ជ​ និងជីវៈចម្រុះ​គ្រប់ប្រភេទឱ្យបានគង់វង្ស បង្កើនធនធានជលផល នៅតាមបឹង ស្ទឹង ទន្លេ ព្រែក ស្រះសហគមន៍ ត្រពាំង ដើម្បីធានានិរន្តរភាពនៃ​កា​​រនេសាទបែបធម្មជាតិ ការនេសាទជាលក្ខណៈគ្រួសារ សម្រាប់ផ្គត់ផ្គង់ជីវភាព ធានាសន្តិសុខស្បៀង និងបង្កើនកម្រិតជីវភាពប្រជានេសាទឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា ការធ្វើនេសាទជាលក្ខណៈគ្រួសារ គឺបានផ្ដល់ឱកាសបង្កលក្ខណៈឱ្យហ្វូងមច្ឆាជាតិទាំងឡាយ មានលទ្ធភាពបន្តពូជសម្រាប់ឆ្នាំក្រោយៗបន្តទៀត។ ជាពិសេសក្នុងគោលបំណងដើម្បីបំផុសមហាជនឱ្យមានស្មារតីចូលរួមការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផល ឱ្យមានភាពប្រសើរឡើង ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្មវិធីកំណែទម្រង់វិស័យជលផល ដោយបានលុបឡូត៍នេសាទទាំងអស់ ហើយ និងបានប្រគល់សិទ្ធិអំណាចទៅឱ្យសហគមន៍គ្រប់គ្រង និងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងនាមមន្រ្តីខណ្ឌជលផល និងអាជ្ញាធរពាក់ព័ន្ធត្រូវមានភារកិច្ចធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផល លិខិតបទដ្ឋានគតិយុត្តិជូនដល់ប្រជាពល រដ្ឋឱ្យបានទូលំទូលាយ។ ត្រូវធ្វើការបង្កា្របបទល្មើសនេសាទឱ្យមានប្រសិទ្ធភាព ដោយធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងមន្ទីរពាក់ព័ន្ធ ធ្វើការបំផុសការអភិវឌ្ឍវារីវប្បកម្ម ពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញ សហគមន៍នេសាទដែលបានបង្កើតរួចជាស្រេចឱ្យបានរឹងមាំ។ រៀបចំការបោះបង្គោលព្រំកន្លែងអភិរក្ស និងកន្លែងនេសាទគ្រួសារឱ្យ បានច្បាស់លាស់។ ត្រូវចាត់វិធានការលើជនល្មើសបំផ្លាញព្រៃលិចទឹក និងរក្សាព្រៃលិចទឹកឱ្យបានគង់វង្ស ជាពិសេសគឺធ្វើការទប់ស្កាត់ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំឱ្យធ្វើការនេសាទខុសច្បាប់ដោយប្រើឧបករណ៍ឆក់ និងស្បៃមុងដែលនាំឱ្យ វិនាសពូជត្រីនាពេលអនាគត។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ការគោរពច្បាប់ជលផល គឺជាការចូលរួមស្រឡាញ់ធនធានមច្ឆជាតិរបស់យើងទាំងអស់គ្នា។ ដូចនេះអ្នកនេសាទទាំងអស់ត្រូវឈប់នេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ លួចលាក់បន្តទៀតទេ។ ការថែរក្សា និងអភិរក្សពូជត្រីសំខាន់ៗនៅតាមទន្លេ ឬស្ទឹង បឹង ព្រែកធម្មជាតិនានានៃខេត្តកំពង់ឆ្នាំងយើងនេះ មន្ទីរកសិកម្ម និងផ្នែកជលផល ត្រូវបង្កើតឱ្យមានវារីវប្បកម្ម នៅតាមសហគមន៍ និងនៅក្នុងមូល   ដ្ឋានឱ្យបានច្រើន ដើម្បីជាប្រយោជន៍ជួយដល់ប្រជាពលរដ្ឋ នៅជុំវិញតំបន់រស់នៅផង និងជួយកាត់បន្ថយពីការពឹងផ្អែកទៅលើត្រីធម្មជាតិបានទៀតផង​៕

ដោយ បៃ ស៊ីថុន