អាជ្ញាធរខេត្តកំពង់ឆ្នាំងលែងកូនត្រីជាង៩០០០០ក្បាលនៅក្នុងអាងធម្មជាតិបឹងខ្សែត

វិទ្យុជាតិកម្ពុជា: ដោយលោកម៉ៅ សុខា ខេត្តកំពង់ឆ្នាំង

MC: អាជ្ញាធរខេត្តកំពង់ឆ្នាំងលែងកូនត្រីជាង៩០០០០ក្បាលនៅក្នុងអាងធម្មជាតិស្ថិតក្នុងឃុំចោង
ម៉ោងស្រុកទឹកផុស ដើម្បីពង្រីកធនធានមច្ឆជាតិនៅក្នុងតំបន់នេះឲ្យបានកាន់តែច្រើនឡើងវិញ។

លោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងអោយដឹងថាក្នុង​ចំណោមត្រីដែលបានលែង​ក្នុងអាងធម្មជាតិបឹងខ្សែតឃុំចោងម៉ោងស្រុកទឹកផុសទំាងជាង៩០០០០ក្បាលនេះ ក្នុងនោះជាង៨០០០០ក្បាលនិងនិង១០០០០ក្បាលជាប្រភេទត្រីមេពូមានប្រភេទត្រីឆ្ពិន ត្រីព្រលូងត្រីរ៉ស់ ត្រីអណ្តែងត្រីក្រាញ់ អន្ទង់ កង្កែបនិងខ្យង។លោកប្រធានមន្ទីរបន្តថាបឹងខ្សែតគឺជាស្រះជំរកត្រីសហគមន៍ដ៏សំខាន់សម្រាប់ថែរក្សាការពារត្រីមេពូជអោយពងកូននៅរដូវវស្សានេះ ដើម្បីផ្តល់ជាប្រយោជន៍សម្រាប់ប្រជាសហគមន៍។
ឯកឩត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានសំដែងការកោតសរសើរដល់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តដែលបានខិតខំប្រឹងប្រែងបំពេញការងារជំនាញបានល្អតាមរយៈការលែងកូនត្រីនេះ ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានកាន់តែធូរធារជាលំដាប់។
ឯកឩត្តមអភិបាលខេត្តបានសំណូមពរដល់សហគមន៍ប្រជាពលរដ្ឋដែលជាអ្នកទទួលផលសូម ជួយថែរក្សាការពារអោយកូនត្រីទាំងនោះអោយរស់រានមានអាត្រាកើនឡើងច្រើន ហើយការនេសាទត្រូវគោរពទៅតាមច្បាប់ដែលរាជរដ្ឋាភិបាលបានកំណត់មិនត្រូវប្រើប្រាស់ឩបករណ៍នេសាទណាដែលធ្វើ អោយប៉ៈពាល់ដល់កូនត្រីឬត្រីមេពូជឡើយ៕