មន្រ្តីជាន់ខ្ពស់ធនាគារជាតិកម្ពុជា៖ បច្ចុប្បន្នមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រៅផ្លូវការមួយចំនួនដើរបោកប្រាស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩​ — នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី មីក្រូហិរញ្ញវត្ថុ និងផលប៉ះពាល់ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ នៅទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រៅផ្លូវការមួយចំនួនបានដើរបោកប្រាស់ប្រជាពលរដ្ឋតាមមូលដ្ឋាននៅទូទាំងប្រទេស ហើយធនាគារជាតិកម្ពុជាក៏បានចាត់វិធានការផងដែរចំពោះគ្រឹះស្ថានទាំងនេះ។ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានបញ្ជាក់ថា កន្លងមកមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនមិនបានអនុវត្តន៍តាមបទបញ្ញត្តិរបស់ធនាគារជាតិកម្ពុជាឡើយ ហើយធនាគារជាតិកម្ពុជា ក៏បានធ្វើការណែនាំ និងផាកពិន័យជាច្រើនផងដែរ ។ ឯកឧត្តមបានបន្តថា ចំពោះជនបោកប្រាស់ដែលបានឃើញនាពេលកន្លងមកនោះ ដោយធនាគារជាតិកម្ពុជាធ្វើការត្រួតពិនិត្យគ្រឹះស្ថានដែលមានអាជ្ញាប័ណ្ណ ហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រៅផ្លូវការហ្នឹង គឺមានច្រើនណាស់ដើរបោកប្រាស់ប្រជាពលរដ្ឋ ។ ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម បានបញ្ជាក់ថា បញ្ហានេះគឺឃើញមានតាមរយៈហ្វេសប៊ុក តាមរយៈវេបសាយ មានធ្វើផ្ដល់ប្រាក់កម្ចី ឆាប់រហ័សដែលអត់មានច្បាប់អនុញ្ញាតច្រើន។ ដោយក្នុងនោះមានបិទនៅតាមដើមឈើ សុទ្ធតែដាក់ទូរស័ព្ទ ខ្ចីប្រាក់រហ័ស ដែលសុទ្ធតែជាបញ្ហាដែលអ្នករកស៊ីខុសច្បាប់។ នៅត្រង់ចំណុចនេះ ធនាគារជាតិកម្ពុជា ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការទប់ស្កាត់ចំពោះករណីក្រុមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រៅផ្លូវការទាំងនោះ ដើម្បីកុំឱ្យប្រជាពលរដ្ឋចាញ់បោកការឃោសនាទៀត។

ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច រួមសហការទប់ស្កាត់ឱ្យបានរាល់សកម្មភាព ទាំងឡាយណាដែលបានដើរបោកប្រាស់ប្រជាពលរដ្ឋ ពីសំណាក់ជនខិលខូចមួយចំនួនដែលឱ្យប្រាក់កម្ចីក្រៅ មានអត្រាការប្រាក់ខ្ពស់ ហើយគ្មានច្បាប់អនុញ្ញាត៕

ដោយ ចាន សុធីវង្ស