ផ្សិតចំបើងជួយឱ្យប្រជាកសិករ រកចំណូលបានសមរម្យ និងងាយស្រួលរកទីផ្សារ

AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ​– មុខរបដំណាំផ្សិតចំបើងជួយឱ្យប្រជាកសិករ រកចំណូលបានសមរម្យសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ងាយស្រួលរកទីផ្សារ សម្រាប់លក់ដូរ និងជាដំណាំមួយប្រភេទដែលមិនពិបាករកវត្ថុធាតុដើមថែមទាំងមានតម្លៃសមរម្យផងដែរ។

លោក តិ វណ្ណៈ ប្រជាកសិករបណ្តុះផ្សិតចំបើងរស់នៅក្នុងភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានរៀបរាប់ឱ្យដឹងនៅថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ២៨ ខែសីហា ឆ្នាំ២០១៩ថា លោកមានអាជីពជាកសិករបណ្តុះផ្សិតចំបើងនេះ រយៈពេល៣ឆ្នាំមកហើយ ដែលសព្វថ្ងៃនេះ លោកមានរោងបណ្តុះផ្សិតចំនួន ៩កន្លែង ក្នុង១រោងមានរានបណ្តុះផ្សិត ៥០ម៉ែត្រក្រឡា។

លោកបញ្ជាក់ថា វត្ថុធាតុដើមដែលលោកប្រើនោះមានចំបើង សម្បកសណ្តែកបាយ កំប្លោក ដើមចេក កន្ទក់បណ្តុះផ្សិត និងមេផ្សិតផងដែរ។ ដំណាំផ្សិតនេះប្រជាកសិករត្រូវមានបច្ចេកទេសបណ្តុះត្រឹមត្រូវ ទៅតាមការបណ្តុះបណ្តាល និងថែទាំទៅតាមអាកាសធាតុផងដែរ ហើយត្រូវប្រើរយៈពេលបណ្តុះ១៣ ទៅ ១៤ថ្ងៃទើបប្រមូលផល ហើយ១រោងដែលមានផ្ទៃរាន៥០ម៉ែត្រក្រឡា ត្រូវចំណាយដើមទុនអស់ប្រមាណ ៣០ម៉ឺនរៀល ហើយប្រមូលផលមកវិញគិតជាមធ្យមប្រមាណ១,២លានរៀល ផលផ្សិតល្អប្រមូលបានត្រឹមតែពីរថ្ងៃប៉ុណ្ណោះ ពី១០០ទៅ១២០គីឡូក្រាម ទៅតាមសុខភាពរបស់ផ្សិតផងដែរ។

លោកបញ្ជាក់ថា មុខរបរដាំផ្សិតចំបើង អាចធ្វើឱ្យគ្រួសាររបស់លោកមានជីវភាពសមរម្យ អាចផ្គត់ផ្គង់ថ្លៃកូនសិក្សា ទ្រទ្រង់ជីវភាពគ្រួសារ ទទួលបានប្រាក់ចំណូលបានច្រើនជាង ដែលលោកធ្លាប់ធ្វើជាពលករធ្វើការនៅប្រទេសជិតខាងនាពេលកន្លងមក និងអាចរស់នៅជួបជុំក្រុមគ្រួសារបាន ហើយថែមទាំងសល់ថវិកាមួយចំនួនសម្រាប់ដាក់សន្សំផងដែរ។

លោកស្រី អៀង មុំ ជាប្រជាកសិករបណ្តុះផ្សិតចំបើង រស់នៅក្នុងភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បានរៀបរាប់ថា លោកស្រីមានរោងបណ្តុះផ្សិតចំនួន ៥រោង។ ដែល១រោងមានទំហំ ៥ម៉ែត្រ គុណ៨ម៉ែត្រ ដែលអាចដាក់រានបណ្តុះផ្សិតបានផ្ទៃ៥០ម៉ែត្រក្រឡា ចំណាយដើមទុនអស់ប្រមាណ ៤,៥លានរៀល។ លោកស្រីបញ្ជាក់ថា ចំពោះតម្លៃទីផ្សាររបស់ផ្សិតចំបើងនេះល្អហើយឱ្យតែមានគឺគេមកទទួលយកដល់កន្លែងអស់ៗតែម្តង ដែលក្នុង១គីឡូ ក្រាមផ្សិតក្រពុំល្អ តម្លៃ ១២.០០០រៀល ហើយផ្សិតដែលលាតរាងចាស់បន្ដិចក្នុង១គីឡូក្រាមតម្លៃ ៨.០០០ពាន់រៀល ៕

ដោយ សួស សំរិត