រាជរដ្ឋាភិបាលលើកទឹកចិត្តដល់អ្នកវិនិយោគទាំងអស់ចូលរួមអភិវឌ្ឍក្រុងបូកគោថ្មីបន្ទាប់ពីមានប្លង់គោលសម្រាប់អភិវឌ្ឍតំបន់នេះរួចហើយ

វិទ្យុជាតិកម្ពុជា៖ដោយលោក ឈុន លាង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់អ្នកវិនិយោគជាតិ និងអន្តរជាតិឲ្យចូលរួមលើគម្រោងអភិវឌ្ឍក្រុងបូកគោ បន្ទាប់ពីប្រកាសឲ្យប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោចក្ខុវិស័យឆ្នាំ២០៣៥ និងអភិវឌ្ឍវិស័យទេសចរណ៍។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដីគម្រោង អភិវឌ្ឍក្រុងបូកគោ និងអភិវឌ្ឍវិស័យទេសចរណ៍ នៅសណ្ឋាគារសុខាភ្នំពេញកាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាន៍លើកទឹកចិត្តដល់វិនិយោគិនទាំងអស់ជួយចូលរួមអភិវឌ្ឍក្រុងបូកគោដែលជាក្រុងវ័តឆ្លាត ទេសចរណ៍ប្រវត្តិសាស្រ្ត បៃតង ធម្មជាតិ និងអាកាសធាតុ ភ្នំ សមុទ្រដ៏ពិសិដ្ឋគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្តថាធុរជនជាតិ និងអន្តរជាតិអាចសិក្សាលើលទ្ធភាពវិនិយោគនៅក្រុងបូកគោដូចជា ការអភិវឌ្ឍទេសចរណ៏ លំនៅឋានសមរម្យ ពាណិជ្ជកម្ម សេវាកម្ម បណ្តាញផ្លូវ ទឹកស្អាត អគ្គិសនី ស្ថនីយ៍និងម៉ាស៊ីនប្រព្រឹត្តកម្មទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹងរាវ ដែលនេះសុទ្ធសឹងជាដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពប្រគួតប្រជែងក្នុងតំបន់ និងអន្តរជាតិ។
ដីគម្រោងអភិវឌ្ឍក្រុងបូកគោមានទីតាំងស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស«បូកគោ» នៃភូមិសាស្ត្រខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ មានផ្ទៃក្រឡាប្រមាណ ២៧,៩៤៣ ហិកតា ស្មើនឹង ១៨,០៩% នៃផ្ទៃឧទ្យានជាតិមុនីវង្ស«បូកគោ» ទំហំ ១៥៤,៥៤២ ហិកតា
យោងតាមអនុក្រឹត្យ ស្តីពីការដាក់ឲ្យប្រើប្រាស់ប្លង់គោលម្រោងអភិវឌ្ឍន៍ក្រុងបូកគោដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយកដ្ឋមន្ត្រីកម្ពុជាកាលពីខែមិថុនា ឆ្នាំ ២០១៩ បានកំណត់យុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្តោតសំខាន់លើ ផ្នែកនគរូបនីយកកម្ម វិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេសសេវាកម្ម សង្គមកិច្ច ការគ្រប់គ្រង់បរិស្ថាន ធនធានធម្មជាតិ និងអភិវឌ្ឍបៃតង ជាដើម៕