រាជរដ្ឋាភិបាលប្ដេជ្ញាពង្រឹងនីតិរដ្ឋ និងលំហនយោបាយដើម្បីឈានទៅជាប្រទេសមានការអភិវឌ្ឍ

វិទ្យុជាតិកម្ពុជា៖ អាត ចន្ធូ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងលំហនយោបាយ ដើម្បីឈានទៅជាប្រទេសដែលមានការអភិវឌ្ឍនៅលើសកលលោក ស្របពេលកំពុងឆ្ពោះទៅកាន់​ឋានៈជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យបុគ្គលដែលជាប់បម្រាមធ្វើសកម្មភាពនយោបាយ អាចចាប់ផ្តើមធ្វើសកម្មភាពនយោបាយវិញ ព្រមទាំងលើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានាជាធរមាន។
ថ្លែងក្នុងពិធីបើកវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ នាព្រឹកទី២៩ ខែសីហា សម្តេចក្រឡាហោម បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភានេះ បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយកែលម្អរបៀបវារៈគោលនយោបាយ និងយន្តការអនុវត្តមួយចំនួនឱ្យកាន់តែប្រសើរឡើង ដើម្បីកសាងមូលដ្ឋានគ្រឹះ ក្នុងចក្ខុវិស័យដែលប្រែក្លាយកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ព្រមទាំងនាំប្រទេសជាតិឆ្ពោះទៅកាន់ឋានៈជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។
សំឡេង៖ «រាជរដ្ឋាភិបាល នៅតែបន្តការប្តេជ្ញាចិត្តក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងលំហនយោបាយនៅកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ដោយផ្តោតលើចំណុចសំខាន់ៗចំនួន៥ ដូចខាងក្រោម៖ ១.ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋបន្ថែមទៀត ជាពិសេសអនុញ្ញាតឱ្យបុគ្គលដែលជាប់បម្រាមធ្វើសកម្មភាពនយោបាយ អាចចាប់ផ្តើមធ្វើសកម្មភាពនយោបាយវិញបាន, ២.ការលើកកម្ពស់ភាពជាដៃគូពិតប្រាកដជាមួយអង្គការសង្គមស៊ីវិល, ៣.វិធានការដោះស្រាយពាក់ព័ន្ធសិទ្ធិការងារ និងសហជីព, ៤.ការលើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានាជាធរមាន, ៥.បន្តដោះស្រាយជម្លោះដីធ្លីដែលនៅសេសសល់ប្រកបដោយតម្លាភាព និងគណនេយ្យភាព ព្រមទាំងជំរុញ និងពន្លឿនការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស»។
សម្តេចក្រឡហោម បន្តថា រាជរដ្ឋាភិបាលនៅតែបន្តកិច្ចសន្ទនា សំដៅប្រមូលនូវគំនិតព្រមទាំងធនធានមនុស្សពីគ្រប់ប្រភព ដោយគ្មានការរើសអើង ឬបែងចែកបក្ខពួក និន្នាការនយោបាយ តាមរយៈ “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” និងការរៀបចំឱ្យមានការពិគ្រោះយោបល់ក្នុងដំណើរការតាក់តែងក្របខណ្ឌគោលនយោបាយ និងច្បាប់នានា ដោយអនុញ្ញាតឱ្យមានការចូលរួមពីតំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន ដែលមានការពាក់ព័ន្ធ ព្រមទាំងបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយគណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដើម្បីផ្សព្វផ្សាយ និងស្វែងយល់ពីការអនុវត្តច្បាប់ស្តីពីគណបក្សនយោបាយ៕