វៀតណាមស្វែងរកភាពជាដៃគូកាន់តែខ្លាំងឡើង ជាមួយរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩​  — យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក Ha Kim Ngoc បានឱ្យដឹងថាប្រទេសវៀតណាម និងរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក កំពុងសម្លឹងមើលកិច្ចសហប្រតិបត្តិការលើវិស័យថាមពលបៃតង ឧស្ម័នធម្មជាតិរាវ ការកែច្នៃជលជាតិ អាកាសចរណ៍ និងការដឹកជញ្ជូនតាមសមុទ្រ ទេសចរណ៍ ការអប់រំ និងការបណ្តុះបណ្តាល។

លោក Ngoc បានធ្វើទស្សនកិច្ចទៅកាន់រដ្ឋអាឡាស្កាតាមការអញ្ជើញរបស់សមាជិកព្រឹទ្ធសភាសាធារណរដ្ឋចំនួន ២រូប ដែលតំណាងឱ្យរដ្ឋនេះ គឺលោកស្រី Lisa Murkowski ប្រធានគណៈកម្មាធិការថាមពល និងធនធានធម្មជាតិព្រឹទ្ធសភាសហរដ្ឋអាមេរិក និងលោក Dan Sullivan សមាជិកគណៈកម្មាធិការព្រឹទ្ធសភាសហរដ្ឋអាមេរិកសម្រាប់សេវាកម្មប្រដាប់អាវុធ ដែលបានធ្វើឱ្យលោកក្លាយជាឯកអគ្គរដ្ឋទូតវៀតណាមដំបូងគេដែលបានមកធ្វើទស្សនកិច្ចទៅកាន់រដ្ឋនេះ។

ក្នុងអំឡុងពេលស្នាក់នៅរបស់លោក អ្នកការទូតរូបនេះបានជួបពិភាក្សាការងារជាមួយអភិបាលរដ្ឋ អាឡាស្កា លោក Mike Dunleavy សមាជិកព្រឹទ្ធសភា លោក Dan Sullivan សមាជិកព្រឹទ្ធសភា លោក Roger Wicker បណ្តាអ្នកតំណាងការិយាល័យសមាជិកព្រឹទ្ធសភា លោកស្រី Lisa Murkowski និងសមាជិកព្រឹទ្ធសភានៃរដ្ឋអាឡាស្កា លោក Elvi Gray Jackson ។

នៅឯកិច្ចប្រជុំទាំងនោះ លោក Ngoc បានលើកឡើងអំពីកិច្ចអភិវឌ្ឍន៍ដ៏ល្អនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយរបស់វៀតណាម និងសហរដ្ឋអាមេរិកនៅក្នុងវិស័យផ្សេងៗ ក៏ដូចជាការបង្កើនទំនាក់ទំនងរវាង វៀតណាម និងបណ្តារដ្ឋរបស់អាម៉េរិកផងដែរ។

លោកបាននិយាយថា រដ្ឋអាឡាស្កា គឺជាអាទិភាពសម្រាប់លោកដែលចង់ធ្វើទស្សនកិច្ច ដោយបង្ហាញអំពីការវាយតម្លៃខ្ពស់របស់វៀតណាមចំពោះតួនាទីក្នុងតំបន់ក្នុងភាពជាដៃគូរវាងវៀតណាម និងអាម៉េរិក។

ឯកអគ្គរដ្ឋទូត Ngoc បានផ្ញើសារជូនពរ និងថ្លែងអំណរគុណ ចំពោះអតីតសមាជិកព្រឹទ្ធសភាអាម៉េរិក លោក Frank Murkowski ដែលជាឪពុករបស់សមាជិកព្រឹទ្ធសភា លោកស្រី Lisa Murkowski ដែលបានរួមចំណែកយ៉ាងធំធេងដល់ការធ្វើឱ្យមានភាពប្រក្រតី និងការអភិវឌ្ឍនៃទំនាក់ទំនងរវាងវៀតណាម និងអាម៉េរិក។

សម្រាប់ភាគីរដ្ឋអាឡាស្កា អភិបាលរដ្ឋ លោក Mike Dunleavy សមាជិកព្រឹទ្ធសភា លោក Dan Sullivan និងថ្នាក់ដឹកនាំនៃរដ្ឋអាឡាស្កា ព្រមទាំងបណ្តាក្រុមហ៊ុនក្នុងស្រុកបានឯកភាពថា រដ្ឋអាឡាស្កា និងវៀតណាម មានសក្តានុពលខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលបង្ហាញអំពីតម្រូវការសម្រាប់ភាគីទាំងពីរ ដើម្បីបង្កើនការផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ច ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)