អូស្ត្រាលីផ្តល់ថវិកាជិត២លានដុល្លារអាមេរិក សម្រាប់ជួយលើកកម្ពស់ការសិក្សាស្រាវជ្រាវនៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

រដ្ឋាភិបាលអូស្ត្រាលី សម្រេចផ្តល់ថវិកាសរុប២លាន៩សែនដុល្លារអូស្ត្រាលី ស្មើនឹងជិត២លានដុល្លារអាមេរិក សម្រាប់ជួយលើកកម្ពស់វិស័យសិក្សាស្រាវជ្រាវនៅកម្ពុជាដែលមានគុណភាព ដើម្បីឈានដល់ការបង្កើតគោលនយោបាយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព។
លោកជំទាវ អេនជេលឡា ខកខឺរ៉េន (Angela Corcoran) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានឲ្យដឹងថា គម្រោងនេះចាប់អនុវត្តពីឆ្នាំ២០១៩នេះ ដល់ឆ្នាំ២០២២ ដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាពស្ថាប័នសិក្សាស្រាវជ្រាវនានានៅកម្ពុជា តាមរយៈជំរុញឲ្យមានការប្រើប្រាស់កិច្ចការស្រាវជ្រាវ ដើម្បីជូនដំណឹងដល់ការវិភាគគោលនយោបាយសាធារណៈ និងការសន្ទនារវាងស្ថាប័នរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការគម្រោង«ពន្លកចំណេះ ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា» នៅក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែសីហានេះ លោកជំទាវ បានបញ្ជាក់ថា គម្រោងនេះនឹងជំរុញការពិភាក្សាគោលនយោបាយ ដោយផ្អែកលើភស្តុតាងរវាងអ្នកបង្កើតគោលនយោបាយ ស្ថាប័នសិក្សាស្រាវជ្រាវ សាកលវិទ្យាល័យ ក្រុមហ៊ុនប្រឹក្សាស្រាវជ្រាវ និងអង្គការក្រៅ រដ្ឋាភិបាល ដើម្បីដល់ការប្រើប្រាស់ភស្តុតាងច្បាស់លាស់លើគ្រប់វិស័យ។ ជាមួយគ្នានេះនឹងជួយសង្គមស៊ីវិល និងរាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមស្មុគស្មាញកាន់តែច្រើនឡើងដែលកម្ពុជានឹងជួបប្រទះ ស្របពេលសេដ្ឋកិច្ចជាតិមានការរីកចម្រើន ដែលនឹងជួយឲ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។
ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មានប្រសាសន៍ថា គម្រោងនេះនឹងបំពេញបន្ថែមនូវការអភិវឌ្ឍគោលនយោបាយ ចំពោះកំណែទម្រង់លើវិស័យផ្សេងៗមានដូចជា វិស័យអប់រំ ការពង្រឹងសមត្ថភាពធនធានមនុស្ស កសិកម្ម សុខាភិបាល ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រមទាំងពង្រឹងដល់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលីលើការអនុវត្តគោលនយោបាយ និងការសិក្សាស្រាវជ្រាវឲ្យកាន់តែមានគុណភាពសម្រាប់ប្រើប្រាស់ជាសាធារណៈ។
យោងតាមរបាយការណ៍របស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល២៥ឆ្នាំមកនេះ រដ្ឋាភិបាលអូស្ត្រាលី បានជួយដល់ការអនុវត្តគម្រោងនានានៅកម្ពុជាមានដូចជា៖ កសិកម្ម ប្រព័ន្ធធារាសាស្ត្រ សុខាភិបាល ការអប់រំនិងបណ្តុះបណ្តាលធនធានមនុស្ស កម្មវិធីផ្តល់សេវាទឹកស្អាត និងភ្លើងអគ្គិសនីដល់ប្រជាជននៅជនបទជាដើមនេះ ក្នុងទឹកប្រាក់សរុបប្រមាណជាង១,៣ប៊ីលានដុល្លារអូស្ត្រាលី៕