វៀតណាម និងចក្រភពបង្កើនកិច្ចសហប្រតិបត្តិការក្នុងការកែទម្រង់រដ្ឋបាល

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ការិយាល័យរដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខាលើ អនុស្សារណៈនៃការយោគយល់គ្នាមួយ ស្តីពីកិច្ចសហប្រតិបត្តិការកំណែទម្រង់រដ្ឋបាល ជាមួយការិយាល័យកិច្ចការបរទេស និងភាវូបនីយកម្ម និងនាយកដ្ឋានធុរកិច្ច ថាមពល និងយុទ្ធសាស្ត្រឧស្សាហកម្មរបស់ ចក្រភពអង់គ្លេស នៅទីក្រុងហាណូយ។

អនុស្សារណៈនៃការយោគយល់គ្នានេះ មានសុពលភាពរហូតដល់ខែមីនា ឆ្នាំ២០២១ ដែលបញ្ជាក់អំពីគោលការណ៍រួម គោលដៅ វិសាលភាព និងទម្រង់នៃកិច្ចសហការ និងជំនួយរវាងភាគីពាក់ព័ន្ធ។ វាគឺជាផ្នែកមួយនៃមូលនិធិរួមរបស់ចក្រភពអង់គ្លេស ដើម្បីគាំទ្រដល់ដៃគូ និងប្រទេសដទៃទៀត ក្នុងការជំរុញកំណែទម្រង់រដ្ឋបាល និងការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងកំណើនដ៏ទូលំទូលាយ។

ថ្លែងមតិនៅក្នុងពិធីចុះហត្ថលេខានេះ លោក Mai Tien Dung រដ្ឋមន្រ្តី និងជាប្រធានការិយាល័យរដ្ឋាភិបាលបានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេស និងកិច្ចព្រមព្រៀងដែលទើបនឹងបានចុះហត្ថលេខានេះ ដែលបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងកិច្ចសហប្រតិបត្តិការកំណែទម្រង់រដ្ឋបាល។

លោកសង្ឃឹមថា ស្ថាប័នទាំងពីររបស់ចក្រភពអង់គ្លេសនេះ នឹងជួយដល់ប្រទេសវៀតណាមក្នុងការ   បណ្តុះបណ្តាលដើម្បីបង្កើតនូវរបកគំហើញមួយនៅក្នុងការកំណែទម្រង់រដ្ឋបាល។

ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅប្រទេសវៀតណាម លោក Gareth Ward បាននិយាយថា ការចុះហត្ថលេខានេះមានគោលបំណងបង្កើនការធ្វើកំណែទម្រង់ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងទីផ្សារអាស៊ាន និងប្រទេសវៀតណាម។

លោកបាននិយាយបន្ថែមថា ចក្រភពអង់គ្លេសនឹងជួយដល់ប្រទេសវៀតណាមក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចរបស់ខ្លួន និងវិស័យមួយចំនួនទៀត រួមមានហេដ្ឋារចនាសម្ព័ន្ធ ការកសាងទីក្រុងឆ្លាតវៃ ហិរញ្ញវត្ថុ និងសុខភាព៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)