សមាជិកសភា ថា ច្បាប់នៅកម្ពុជាមួយចំនួននឹងត្រូវធ្វើវិសោធនកម្មឡើងវិញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

សមាជិកសភា អះអាងថា ច្បាប់នៅកម្ពុជាមួយចំនួននឹងត្រូវធ្វើវិសោធនកម្មឡើងវិញ ដើម្បីឲ្យសមស្របទៅនឹងវិវឌ្ឍរបស់សង្គមនាពេលបច្ចុប្បន្ន។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានបញ្ជាក់ថា ការកែលម្អទៅលើច្បាប់មួយចំនួននេះ ដើម្បីបន្តនិរន្តរភាពនៃការដឹកនាំ និងគ្រប់គ្រងរដ្ឋទៅតាមចក្ខុវិស័យដែលកម្ពុជា ជាសមាជិកអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងតំបន់ សំដៅរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
ថ្លែងក្នុងសិក្ខាសាលាស្តីអំពី“ដំណើរការនៃការតាក់តែង ការពិនិត្យ និងការអនុម័តសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់នៅកម្ពុជា” នៅថ្ងៃទី២៩ ខែសីហានេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា កម្ពុជាចាំបាច់ត្រូវមានក្របខ័ណ្ឌច្បាប់មួយកាន់តែពេញលេញ ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែង។ ឯកឧត្តម មានប្រសាសន៍ថា «រដ្ឋសភា និងព្រឹទ្ធសភា បន្តខិតខំកែលម្អបញ្ញត្តិទាំងឡាយនៃច្បាប់ជាធរមាន ដែលលែងសមស្របទៅនឹងការរីកចម្រើនរបស់សង្គម បំពេញបន្ថែមទៅលើច្បាប់ដែលមានស្រាប់ ជាពិសេសបទបញ្ញត្តិ នៃច្បាប់ដោយឡែកៗ និងរៀបចំតាក់តែងច្បាប់ថ្មីៗបន្ថែម សំដៅធានានូវសង្គតភាពក្នុងការអនុវត្តច្បាប់ ពង្រឹងការគ្រប់គ្រងប្រទេស អភិបាលកិច្ចល្អ នីតិរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការរស់នៅដោយសុខដុមរម្យនារបស់ប្រជាជន»។
របាយការណ៍របស់រដ្ឋសភា បានបង្ហាញថា ចាប់ពីនីតិកាលទី១ មកដល់បច្ចុប្បន្ន ការរៀបចំតាក់តែង និងការអនុម័តសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់ មានចំនួនសរុប ៥៤១ច្បាប់ ក្នុងនោះនៅនីតិកាលទី១ មានចំនួន៩០ច្បាប់ នីតិកាលទី២ មានចំនួន៨៦ច្បាប់ នីតិកាលទី៣ មានចំនួន១៤៥ច្បាប់ នីតិកាលទី៤ មានចំនួន៩៣ច្បាប់ នីតិកាលទី៥ មានចំនួន ១០៩ច្បាប់ និងនៅនីតិកាលទី៦ គិតត្រឹមសម័យប្រជុំលើកទី២ មានចំនួន១៨ច្បាប់។
ឯកឧត្តម ប៉ែន បញ្ញា មានប្រសាសន៍ថា រាល់ការរៀបចំតាក់តែងច្បាប់ និងធ្វើវិសោធនកម្មច្បាប់ ត្រូវបានពិភាក្សាពិគ្រោះយោបល់គ្នាយ៉ាងផុលផុស ដោយផ្អែកទៅតាមប្រព័ន្ធច្បាប់ពីបរទេស ច្បាប់ទូទៅ ប្រពៃណីនៃការតាក់តែងច្បាប់របស់កម្ពុជា និងដោយយោងតាមបទពិសោធន៍ល្អៗរបស់អ្នកជំនាញការផ្នែកច្បាប់មានប្រទេសបារាំង អាល្លឺម៉ង់ ជប៉ុន ជាដើម៕