ឯកឧត្តម កែ គឹមយ៉ាន ចាត់ទុកខេត្តបន្ទាយមានជ័យ ជាខេត្តដែលមានសក្តានុពល ក្នុងវិស័យទេសចរណ៍និងអ្នកសិក្សាស្រាវជ្រាវ

វិទ្យុជាតិកម្ពុជា៖​

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យបានចាត់ទុកខេត្តបន្ទាយមានជ័យ ជាខេត្តដែលមានសក្តានុពលក្នុងវិស័យទេសចរណ៍ សម្រាប់អ្នកទេសចរណ៍ជាតិ អន្តរជាតិ ទៅទស្សនា និងមានស្ថានីយប្រវត្តិសាស្រ្តចំនួន៦៨៤កន្លែង សម្រាប់អ្នកសិក្សាស្រាវជ្រាវ ផងដែរ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានភ្ជាប់និស្ស័យបារាយមេបុណ្យ ប្រវែង៨០០ម៉ែត្រទទឹង២ម៉ែត្រ និងប្រគល់ទទួលគ្រឿងចក្រជួសជុលប្រាសាទបន្ទាយឆ្មារ ១គ្រឿង នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃ ទី២៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍ថាស្ថានីយប្រវត្តិសាស្រ្តចំនួន៦៨៤កន្លែងនេះ រួមមានប្រសាទចំនួន៣២កន្លែង ទួលប្រាសាទ ៣៥៨កន្លែង ទួលបុរាណ១៥២កន្លែង ទួលកបសពបុរាណ៥២កន្លែង ស្ពានបុរាណ១០កន្លែង ស្រះបុរាណ៧៣កន្លែង និង បារាយណ៍ចំនួន៧កន្លែង។
ឯកឧត្តម បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ថែរក្សា លើកតម្កើង អភិរក្ស អភិវឌ្ឍន៍វប្បធម៌ អរិយធម៌ជាតិទាំងវប្បធម៌រូបីយ និងអរូបិយ ហើយកន្លងមកបានសម្រេចដាក់បញ្ចូលនូវប្រាសាទអង្គវត្ត ព្រះវិហារ ប្រាសាទសម្បូរព្រៃគុក ជាសម្បត្តិបេតិ កភ័ណ្ឌពិភពលោក ។
ឯកឧត្តម កែ គឹមយ៉ាន បានសំណូមពរឲ្យមានការចូលរួមគាំទ្រពីអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ សប្បុរសជន ទាំងអស់ ឧបត្ថម្ភគាំទ្រគម្រោងជួសជុលឡើងវិញនូវប្រាង្គចំនួន៧ នៃកំពែងទី១ នៃប្រាង្គប្រាសាទបន្ទាយឆ្មារដែលត្រូវការថវិកាចំនួនជាង៣លានដុល្លាអាមេរិក៕