រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញឱ្យសិស្សានុសិស្សខំរៀនដើម្បីរត់ឱ្យទាន់បច្ចេកវិទ្យាទំនើប

AKPកំពង់ចា​ម ថ្ងៃទី២៩ខែសីហាឆ្នាំ២០១៩ –ឯកឧត្តម  ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបា​នជំរុញ​ឱ្យសិស្សានុសិស្សខិតខំរៀនសូត្រ ដើម្បីរត់ឱ្យទាន់បច្ចេកវិទ្យាទំនើប ថ្មីៗ ដែលកំពុងកើ​តមា​ន​ឡើ​ង​ក្នុ​ង​​ពិភ​ព​លោ​កនាពេលបច្ចុប្បន្ននេះ។

ការជំរុញនិងក្រើនរម្លឹករបស់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើ​ប្រាស់​ជា​ផ្លូ​​​វការអគារសិក្សាថ្មី ០១ខ្នង ស្មើនិង ០៥ បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សាកណ្តាលកោះត្បូង  ភូមិទី ៥ ឃុំ​ កោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមកាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំអស់ប្រឹងប្រែងសិក្សារៀនសូត្រឱ្យ បានពូកែ ដោយត្រូវប្រកាន់ភ្ជាប់នូវគោលការណ៏សំខាន់ៗចំនួន៣គឺ ទី១. មានវិន័យ សម្រាប់ ខ្លួនឯង ធ្វើការរៀនសូត្រឱ្យបានត្រឹមត្រូវ ហើយការរៀន ត្រូវតែចេះ មិនមែនរៀនត្រឹមតែប្រឡងជាប់នោះទេ ព្រោះនឹងធ្វើឱ្យភ្លេចទៅវិញ ។

ទី២. គឺការគោរពវិន័យសាលា ស្តាប់ការ ពន្យល់ណែនាំរបស់គ្រូ ព្រោះថា ទោបីយើង មានប្រាជ្ញាឆ្លាតប៉ុណ្ណាក៏ដោយ បើសិនជាគ្មានគ្រូបង្រៀន និងណែនាំ នោះទេ មិនអាចចេះគ្រប់នោះទេ។ ទី៣. គឺការ រាប់អាន និងធ្វើជាមិត្តល្អ ជួយគ្នា រៀនជា មួយគ្នា ព្រោះបច្ចុប្បន្ន បច្ចេកវិទ្យា ទំនើប លឿន ហើយស៊ីជម្រៅ ដែលយើង ម្នាក់ឯង មិនអាចយល់បានទាំងអស់នោះទេ ។ ដូច្នេះត្រូវទម្លាប់រៀន និងគិត ជាក្រុម តាំងពីថ្នាក់តូច ដល់ខ្ពស់ ទើប អាចជោគជ័យ ក្នុងការសិក្សា និង ជីវិត រស់នៅ ។

សូមបញ្ជាក់ថា អគារសិក្សាថ្មីនេះ មាន ១ ខ្នង ៥ បន្ទប់ ដោយចំណាយក្នុងការ សាងសង់អស់ចំនួន ៨ ម៉ឺន ៥ ពាន់ដុល្លារ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ទុកជាថ្នាលបណ្តុះបណ្តាល ដល់កូនចៅរបស់ ប្រជាពលរដ្ឋ នៅក្នុងតំបន់មូលដ្ឋានឱ្យមានចំណេះដឹងគ្រប់ៗគ្នា។

នៅក្នុងឱកាសនៃកម្មវិធីសម្ពោធអគារសិក្សានោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ បាននាំយកនូវថវិកា ចែកជូនដល់ តាជី យាយជី ចំនួន ៥០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ ម៉ឺនរៀល និងក្រណាត់ ស ១ ដុំ ប្រជាពលរដ្ឋ ១០០ នាក់ ដែលបានចូលរួម ក្នុងម្នាក់ ១​ ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ៧៦ នាក់ ក្នុងម្នាក់ៗ ៥ ម៉ឺនរៀល សិស្សថ្នាក់ទី ១១ ចំនួន ៧៦ នាក់ ក្នុងម្នាក់ ១ ម៉ឺនរៀល សិស្ស សាលាបឋមសិក្សា កណ្តាលកោះខាងត្បូង ២៥៩ នាក់ ក្នុងម្នាក់ៗ ថវិកា ១ ម៉ឺន រៀល សៀវភៅ ប៊ិច និង ខ្មៅដៃ។ កងកម្លាំង ប្រដាប់អាវុធ ទាំង ៣ ប្រភេទ ក្នុងស្រុក កោះសូទិន សរុបថវិកា ១ លាន ៥ សែន រៀល មន្រ្តីសាលាស្រុកកោះសូទិន ៥០ ម៉ឺនរៀល សាលាឃុំ កោះសូទិន ២០ ម៉ឺន រៀល ។

ប្រធានក្រុមប្រឹក្សាឃុំទាំង ៨ ដោយក្នុងម្នាក់ ១០ ម៉ឺនរៀល ប្រធានភូមិ ចំនួន ១៤ ក្នុង ១ភូមិ ៥ ម៉ឺនរៀល ។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្រ្តី និងលោកជំទាវ  ឧបត្តមដល់ សាលាបឋមសិក្សា កណ្តាលកោះខាងត្បូង ២ លាន រៀល រួមជាមួយមន្រ្តីនៃក្រសួងព័ត៌មាន បានចូលរួមថវិកា ១ ពាន់ដុល្លារ និង ៣ លាន ៥ សែនរៀល ។

ទន្ទឹមនឹងនេះ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ចូលរួមថវិកា ១០ លានរៀល ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកព័ត៌មាន និងសោតទស្សន៏ ចំនួន ១០ លានរៀល រួមទាំង ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ព័ត៌មាន ក៏បានចូលរួមជាថវិកា ផងដែរ ។

ដោយឡែក ប្រធានក្រុមហ៊ុនកែសម្ផស្សមកពីប្រទេសកូរ៉េ ក្រៅពីបានចូលរួមជាថវិកា​ ក៏បានសន្យាជួយ ព្យាបាល កូន ចៅ ប្រជាពលរដ្ឋ ក្នុងស្រុកកោះ សូទិន ដែលឆែបមាត់ ក្នុង ១ ខែ ២ នាក់ ដោយឥតគិតថ្លៃ ។ជាមួយនេះដែរ ឯកឧត្តម ឆាយ សុផល ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅ នៅកម្ពុជា បានផ្តល់ជាសៀវភៅប្រវត្តិសាស្រ្តរបស់កម្ពុជា សំខាន់ៗ មួយចំនួន មកជូនសាលាបឋមសិក្សាកណ្តាលកោះត្បូងនេះផងដែរ៕

អត្ថបទៈ គង់ សិរីរ័ត្ន រូបភាពៈ ខឹម សុវណ្ណារ៉ា