រដ្ឋបាលស្រុកប្រាសាទបាគងដាក់ឲ្យដំណើរការយន្តការច្រកចេញចូលតែមួយ ដើម្បី បង្កើនប្រសិទ្ធភាពការងារឲ្យកាន់តែឆាប់រហ័ស

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ធី​ណា​ ឌី​ណេ​៖

រដ្ឋបាលស្រុកប្រាសាទបាគង ដាក់ឲ្យដំណើរការយន្តការច្រកចេញចូលតែមួយ ដើម្បីផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ អោយកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ នៅកន្លែងតែមួយតាមនីតិវិធីសាមញ្ញប្រកបដោយគុណភាព តម្លាភាព និងគណនេយ្យភាព។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា ដើម្បីលើកកម្ពស់ការអនុវត្តតាមបែបវិមជ្ឍការ និងវិហមជ្ឍការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលស្រុកប្រាសាទបាគង បានដាក់អោយដំណើការយន្តការច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុក ។ យន្តការនេះ ប្រជាពលរដ្ឋអាចទទួលនូវសេវាដែលមានតាមផ្នែកដូចជា៖ សេវារដ្ឋបាលនៃការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី, សេវារដ្ឋបាលលើការងារអត្រានុកូលដ្ឋាន, សេវារដ្ឋបាលលើវិស័យកសិកម្ម,សេវារដ្ឋបាលវិស័យឧស្សាហកម្ម សិប្បកម្ម និងវិស័យរ៉ែ និងថាមពល, សេវារដ្ឋបាលលើការបញ្ជាក់នីត្យានុកូលកម្ម(ការបញ្ជាក់លើឯកសារថតចម្លង), សេវារដ្ឋបាលលើវិស័យសំណង់, សេវារដ្ឋបាលលើវិស័យវប្បធម៌និងវិចិត្រសិល្បៈ, សេវារដ្ឋបាលលើវិស័យអប់រំយុវជននិងកីឡានិង សេវារដ្ឋបាលលើវិស័យពាណិជ្ជ កម្ម។ប្រភពដដែល បញ្ជាក់ថា យន្តការស្ដីពីការបង្កើតយន្តការច្រកចេញចូលតែមួយ សម្រាប់ការ ផ្ដល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិ និងសេវាផ្សេងៗបន្ថែមទៀត បានធ្វើប្រតិភូកម្មដោយក្រសួងស្ថាប័នជំនាញពាក់ព័ន្ធទៅឲ្យរដ្ឋបាលស្រុក ដើម្បីកាន់តែមានប្រសិទ្ធភាព កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។