សម្តេចក្រឡាហោម ជំរុញអាជ្ញាធររាជធានី-ខេត្ត ត្រូវណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មិនត្រូវដើរតួនាទីជាភ្នាក់ងាររបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុឡើយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​៖

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវណែនាំបន្តដល់អាជ្ញាធររដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភ្នាក់ងារភូមិដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មិនត្រូវដើរតួនាទីជាភ្នាក់ងាររបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុនោះឡើយ ទោះក្នុងរូបភាពណាក៏ដោយ ដើម្បីជ្រៀសវាងការយល់ច្រឡំពីប្រជាពលរដ្ឋ ព្រោះស្ថាប័នមីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនរដ្ឋនោះទេ។ការណែនាំរបស់  សម្តេចក្រឡាហោម ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាស្តីពីភាពជាដៃគូរវាងរាជ រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ នៅថ្ងៃទី២៩ ខែសីហា នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។សម្តេចក្រឡាហោម បានបញ្ជាក់ថា ចំពោះបញ្ហមីកូ្រហិរញ្ញវត្ថុនេះ រាជរដ្ឋាភិបាលក៏ កំពុងដែលមានបញ្ហាកង្វល់ និងរកវិធីដោះស្រាយ ដោយសារប្រជាពលរដ្ឋមួយចំនួនខ្ចីប្រាក់ យកទៅប្រើប្រាស់មិនចំគោលដៅ ហើយត្រូវលក់ផ្ទះសម្បែង ដីធ្លី ដើម្បីសងទៅមីកូ្រហិរញ្ញវត្ថុ។