ឯកឧត្តម គួច ចំរើន ចុះពិនិត្យស្ថានភាពប្រព័ន្ធ​ អូរ​ ប្រឡាយ​ លូ នានា​ ក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុងព្រះសីហនុ

វិទ្យុជាតិកម្ពុជា​៖​

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ ដឹកនាំមន្ត្រីជំនាញ​ នៃមន្ទីរ​ អង្គភាពពាក់ព័ន្ធ​ ចុះពិនិត្យប្រពន្ធលូ អូរ​ ប្រឡាយ​ រំដោះទឹកភ្លៀង នៅក្នុងភូមិ២ និងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នារសៀលថ្ងៃ ១៤រោចខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៩។
ក្នុងឱកាសចុះពិនិត្យស្ថានភាពភូមិសាស្ត្រលូរំដោះទឹកនៅក្នុងភូមិ ២ និងភូមិ៣ សង្កាត់៤ ក្រុងព្រះ សីហនុ ឯកឧត្តម គួច ចំរើន បានណែនាំដល់មន្ត្រីជំនាញ ពិនិត្យមើលប្លង់ប្រព័ន្ធ​ និងចំណីផ្លូវ ។ ដោយសារតែប្រព័ន្ធលូចាស់មានទំហំតូច​ មិនអាចរំដោះទឹកបានទាន់ពេល ត្រូវដាក់ជំនួសនូវប្រព័ន្ធលូ ដែលមានមុខកាត់ធំជាងមុន ដើម្បីឱ្យទឹកហូរបានលឿន ក្នុងការជួយសម្រួលការលិចលង់នៅពេលភ្លៀង​ បានទាន់ពេលវេលា ។
ទន្ទឹមនោះដែរ ឯកឧត្តម​ អភិបាលខេត្ត ក៍បានមានប្រសាសន៍ទៅកាន់ បងប្អូនប្រជាពលរដ្ឋ សូមមានការយោគយល់ ព្រោះការចុះមកពិនិត្យប្រពន័អូរ​ ប្រឡាយនេះ គឺដើម្បីជួយសម្រួលដល់ការលិចលង់ដោយសារជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ន ស្របពេលដែលខេត្តព្រះសីហនុ​ មានការអភិវឌ្ឍយ៉ាងលឿន ប្រព័ន្ធលូ អូរ​ ប្រឡាយទឹកហូរមិនទាន់តាមតម្រូវការ ហេីយប្រព័ន្ធលូខ្លះត្រូវដីហូរចូលពេញ ។ ម្យ៉ាងទៀតតំបន់មួយចំនួនជាដីរងទឹកភ្លៀង ត្រូវបានប្រែក្លាយជាអាគារពាណិជ្ជកម្ម សណ្ឋាគារ កាស៊ី ណូ ផ្ទះសំណាក់ ។ល។ ធ្វើឱ្យនៅពេលភ្លៀងម្តងៗ​ ត្រូវជន់លិចផ្ទះប្រជាពលរដ្ឋ នៅតាមតំបន់ទំនាបមួយចំនួន ៕​