ក្រសួ​ងទេសចរណ៍ប្រកាសកម្មវិធីប្រកួតប្រជែងគម្រោងប្លង់ស្ថាបត្យកម្មលើគម្រោងស្ថាបត្យ កម្មវិថី​លក់​ម្ហូប​អាហារ (FOOD STREET) សម្រាប់ក្រុងកែប

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ — ក្រសួងទេសចរណ៍ សហការ​ជាមួយ​រដ្ឋបាលខេត្តកែប និង​ស​ហ​​ភាព​សហពន្ធ័យុវជន កម្ពុជា បានប្រកាស​ដាក់​ចេញនូវកម្មវិធីប្រកួតប្រជែ​ង​គ​ម្រោង​ប្លង់ស្ថាបត្យកម្ម លើ​គ​ម្រោ​ង ស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ (FOOD STREET) សម្រាប់ក្រុង​កែប ដែល​ជាជ័​យលា​ភីទី​ក្រុង​ស្អាត​ចំណាត់ថ្នាក់ផ្ការំដួលបីទងថ្នាក់ជាតិ និងជ័យលាភីទី​ក្រុង​ទេស​ចរណ៍​ស្អាត ​អាស៊ាន។

យោងតាមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា លក្ខខណ្ឌសម្រាប់ការ ចូលរួមប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម រួមមាន៖

១-សម្រាប់តែនិស្សិតដែលកំពុងសិក្សាឆ្នាំទី៣ ទី៤ និងទី៥ តាមបណ្តាសាកល​វិទ្យា​ល័យ វិទ្យាស្ថាន ដែលមានជំនាញស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ឬទេសចរណ៍ និងជំនាញ​ពាក់​ព័ន្ធ (១ក្រុមមានសមាជិក០៣រូប)។

២-ដាក់ពាក្យសុំប្រកួតប្រជែងស្នាដៃ៖ នៅក្រសួងទេសចរណ៍ នាយកដ្ឋានសណ្ឋាគារ និងម្ហូបអាហារ ដែ​ល​មា​ន​ទីតាំងស្ថិតនៅអគារលេខ៣A ផ្លូវ១៦៩ ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (ជាន់​ទី៤​) ឬតាមរយៈអ៊ីម៉ែល​ cambodiastreetfood.contest​2019@g​mail​.com​ ​ឬតាមរយៈប្រព័ន្ធ Online : https://forms.gle/kM38ReNmVEM5xHTG8។

៣-រយៈពេលចាប់ផ្តើមទទួលពាក្យប្រកួតប្រជែង ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូត ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។

៤-គោលការណ៍បច្ចេកទេស៖គម្រោងស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ(FOOD STREET) ត្រូវអនុវត្តន៍តាមគោលការណ៍បច្ចេកទេសដូចតទៅ-ត្រូវមានសោភណភាពល្អព្រមទាំងបង្ហាញ ពីអត្ត​ស​ញ្ញា​​ណស្ថាបត្យកម្មបែបខ្មែរ ឬស្ថាបត្យកម្មបែប ទំនើប ឬស្ថាបត្យកម្ម បែបសហស្ស វត្សរ៍ និងគោរព​នូវ​បទ​ដ្ឋាន និងក្បូនខ្នាតឱ្យបានច្បាស់លាស់។ – ត្រូវយកចិត្តទុកដាក់អំពីការ អភិវឌ្ឍបៃតង និងលក្ខណៈ​នៃបែប​បទ​ទូទៅ នៃស្ថាបត្យកម្មទាក់ទងនឹងទីតាំងភូមិសាស្រ្ត នៃ ទីក្រុង ដែលមិនប៉ះពាល់​សោភណភា​ពគំហើញ​នៃ​តំ​បន់ ភាពស៊ីសង្វាក់ជាមួយទិដ្ឋភាព បរិស្ថាន និង វប្បធម៌សង្គមជុំវិញ ព្រមទាំងការធ្វើសមា​ហរណកម្ម​ នៃគ​ម្រោងនៅក្នុងទីតាំង រួម ទាំងប្រើនូវសម្ភារដែលគិតគូរខ្ពស់ពីបរិស្ថានទីក្រុង។ – ត្រូវយកចិត្តទុកដាក់គិតគូរអំពីបែបបទ នៃការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ (Smart City) ។

៥-ទំហំ​ការ​ងារ​​៖ គម្រោងស្ថាបត្យកម្មវិថីលក់ម្ហូបអាហារ (FOOD STREET) នេះមាន ទំហំការ​ងារដូចខា​ងក្រោ​ម៖ – ទស្សនៈស្ថាបត្យកម្ម និងការរៀបចំទីក្រុង។ – គំនូសប្លង់ដែល មានមាត្រដ្ឋានច្បាស់លាស់(ប្លង់សរុប ប្លង់រូបភាព ពីគ្រប់ទិស ប្លង់ពុះយ៉ាងតិចចំនួន២ រូបភាព នេត្រាទស្សន៍ ឬរូបសំណាក់ស្ថាបត្យកម្ម និងប្លង់​ល​ម្អិ​ត​តាមការចាំបាច់)។

៦-អំពីជ័យលាភីនៃការប្រកួតប្រជែង៖ ចំពោះគម្រោងស្ថាបត្យកម្មដែលជាប់ចំណាត់​ថ្នាក់លេខ១ ដល់​លេ​ខ​​៣ នឹង​ទទួលជ័យលាភីពីគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ដូចតទៅ៖ – គ​ម្រោង​ស្ថាបត្យកម្មដែលជាប់ចំណាត់ថ្នាក់លេខ១ នឹងទទួល បានថវិកាចំនួន ៤លា​ន​រៀល និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី។ – គម្រោង​ស្ថាបត្យកម្ម​ដែល​ជាប់​ចំណាត់ថ្នាក់លេខ២ នឹង​ទទួ​ល​បានថវិកាចំនួន ៣លានរៀល និងវិញ្ញាបនបត្របញ្ជាក់ ជ័យលាភី។ – គម្រោងស្ថាបត្យកម្មដែលជាប់ចំណាត់ថ្នាក់លេខ៣ នឹងទទួលបានថវិកាចំនួន ២លាន​រៀ​ល​ និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី ៕

ដោយ គង់ សិរីរ័ត្ន