រាជរដ្ឋាភិបាលចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះធម្មជាតិ នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី​​២៨ ខែសីហា ឆ្នាំ២០១៩​ — ប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះធម្មជាតិចំនួន៤៥០គ្រួសារ រស់នៅក្នុងសង្កាត់ទឹកវិល និងសង្កាត់ស្រង៉ែ ក្រុងសៀមរាប  ខេត្តសៀមរាប បានមកជួបជុំគ្នាដើម្បីទទួលយកអំណោយពីរាជរដ្ឋាភិបាល ដែលត្រូវបានផ្តល់ជូនតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយមន្ទីរអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប ដែលដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្ត ជាអ្នកចែកជួន នៅថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ។

លោក នាក់ ណេរ៉ុន ក្នុងនាមឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ខ្ពស់ នូវសុខទុក្ខរបស់ប្រជាពល រដ្ឋគ្រប់មូលដ្ឋាន ដែលជួបនូវភាពក្រីក្រ រងគ្រោះធម្មជាតិ ហើយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា ក៏មិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់អាហារនោះឡើយ។

លោកអភិបាលរងខេត្ត ក៏បានលើកឡើងផងដែរអំពីគោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាពពេញលេញទូទាំងប្រទេស ព្រមទាំងធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ នៅគ្រប់មូលដ្ឋាន រួមមាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវថ្នល់ ស្ពាន និងប្រព័ន្ធធារាសាស្ត្រផងដែរ។ សមទ្ធិផលទាំងនេះ ក៏កើតចេញពីស្មារតីជ័យជម្នះ ៧មករា និងកត្តាសន្តិភាពនៃគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ នាពេលបច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់របបគោលនយោបាយជូនដល់គ្រួសារក្រីក្រ និងបងប្អូនជាស្ត្រី និងកម្មការីបានទទួលនូវបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស.) ព្រមទាំងទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋនិងមណ្ឌលសុខភាព ដោយមិនគិតពីសេវាឡើយ។ 

លោក អោ ម៉ៅ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បានឱ្យដឹងថា វិស័យសុខុមាលភាពសង្គម គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង ៨ របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលត្រូវយកចិតទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋ។ លោកប្រធានមន្ទីរ ក៏បានលើកឡើងនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សំខាន់ចំពោះបងប្អូនជាស្ត្រី កម្មការិនី និងប្រជាពលរដ្ឋក្រីក្រ ត្រូវបានទទួលនូវបេឡាជាតិរបបសន្តិសុខសង្គម។ ក្នុងនោះដែរលោកក៏បានបញ្ជាក់អំពីសកម្មភាព ក្នុងការចុះចែកអំណោយជាសម្ភារ គ្រឿងឧបភោគបរិភោគដល់ចាស់ជរាគ្មានទីពឹង ជនពិការក្រីក្រ និងជនរងគ្រោះដោយធម្មជាតិក្នុងឆ្នាំ២០១៩នេះ បានចំនួន ១២៩គ្រួសារ លើក្រុង ស្រុកចំនួន ៥ នៃខេត្តសៀមរាប។

អំណោយដែលរាជរដ្ឋាភិបាលផ្ដល់ជូននាពេលនេះ ក្នុងមួយគ្រួសារៗទទួលបានកន្ទេល១ មុង១ ភួយ១ សារុង១ និងក្រមា១៕

ដោយ ហង្ស សៀក