ក្រសួងសុខាភិបាលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំប្តូរវេនរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៤

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩​ — ក្រសួងសុខាភិបាលបានធ្វើម្ចាស់ផ្ទះកិច្ចប្រជុំប្តូរវេនរដ្ឋមន្ត្រីក្រសួងសុខាភិបាលអាស៊ានលើកទី១៤ ដោយលើកប្រធានបទសំខាន់មួយចំនួន។ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯក​ស័​ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន នឹងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។

សេចក្តីជូនព័ត៌មានបានបន្តថា កិច្ចប្រជុំនេះត្រូវបានរៀបចំរៀងរាល់ពីរឆ្នាំម្តង ជាលក្ខណៈប្តូរវេន ដែលរួមមាន៖ ១- កិច្ចប្រជុំត្រៀមឧត្តមមន្រ្តីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន ។ ២- កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន អាស៊ានបូកបី និងអាស៊ាន-ចិន ក្រោមប្រធានបទលើកកម្ពស់សុខភាពប្រជាជនអាស៊ានទាំងមូល។

សេចក្តីជូនព័ត៌មានបានបន្ថែមថា កិច្ចប្រជុំនេះនឹងពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗចំនួនបួនគឺ៖ ១-ការប្រយុទ្ធប្រឆាំងនឹង ឱសថក្លែងក្លាយ និងអន់គុណភាព។ ២-ការធានានិរន្តរភាពហិរញ្ញប្បទាន សេវាថែទាំសុខភាព។ ៣-ការពង្រឹងសមត្ថភាពក្នុងការអនុវត្តនិយ័តកម្មសុខភាព អន្តរជាតិរបស់អង្គការសុខភាពពិភពលោក ។​ ៤-នវានុវត្តន៍នៃការពង្រឹងសេវាថែទាំសុខភាព។ កិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួមរបស់រដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសសមាជិកអាស៊ានទាំង១០ អាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) អគ្គលេខាធិការអាស៊ាន និងប្រតិភូអមដំណើរសរុបប្រមាណ ៣០០នាក់។

កិច្ចប្រជុំក៏នឹងពិភាក្សា និងអនុម័តនូវរបៀបវារៈអាទិភាពសំខាន់ៗមួយចំនួនផងដែរ។ ក្រសួងក៏បានឱ្យដឹងថា កិច្ចប្រជុំនេះនឹងប្រារព្ធពិធីបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ហើយសម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ និងផ្តល់អនុសាសន៍ដល់អង្គប្រជុំទាំងមូលសម្រាប់អនុវត្តន៍បន្តផងដែរ៕

ដោយ ប៊ុន រិទ្ធ