គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិជំរុញឲ្យក្រសួងស្ថាប័ន រៀបចំខួបលើកទី២៦នៃទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិជំរុញឲ្យក្រសួងស្ថាប័នរដ្ឋបាលរាជធានីខេត្តទាំងអស់រៀបចំខួបលើកទី២៦នៃទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដើម្បី សម្តែងនូវអំណរសាទរគោរពដោយស្មោះត្រង់ និងរំលឹកទិវាជាប្រវត្តិសាស្ត្រចំពោះរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់រដ្ឋ។

យោងតាមផែនការណែនាំស្តីពីការរៀបចំខួបលើកទី២៦ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ២៤ កញ្ញា ២០១៩នេះ បានបញ្ជាក់ថា គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ននិងរដ្ឋបាលរាជធានីខេត្តត្រូវចាត់តាំងរៀបចំខួបលើកទី២៦ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញឲ្យបានសមស្របតាមលទ្ធភាពជាក់ស្តែងនិងណែនាំឲ្យមានការតុបតែងលម្អ ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ពាក្យស្លោក និងបំភ្លឺភ្លើងពណ៌នៅតាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាល រាជធានី ខេត្ត និងមន្ទីរ អង្គភាព ខណ្ឌស្រុក ក្រុង ឃុំ សង្កាត់ គ្រឹះស្ថានសិក្សា សាលារៀន វត្តអារាម អគារសាធារណៈ ក្រុមហ៊ុន រោចក្រ សហគ្រាស ព្រមទាំងតាមគ្រប់គេហដ្ឋានប្រជារាស្រ្ត ដើម្បីអបអរសាទរ ទិវា ប្រកាសរដ្ឋធម្មនុញ្ញ។

សេចក្តីណែនាំបានបន្តថា  តាមបណ្តាញវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ត្រូវតាមដានយកព័ត៌មាន ធ្វើការផ្សព្វផ្សាយនូវខ្លឹមសារនៃរដ្ឋធម្មនុញ្ញឲ្យបានទូលំទូលាយនិងរៀបចំឲ្យមានការជួបសម្ភាសន៍ជាមួយព្រះសង្ឃ ឥស្សរជនសំខាន់ៗបញ្ញាវន្ត ពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញហើយគ្រប់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្តត្រូវចាត់តាំងក្រុមតន្ត្រី សិល្បបុរាណ សម័យ ដើម្បីសម្តែងជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តសប្បាយ នៅតាមទីសាធារណៈ ដើម្បីចូលរួមអបអរសាទរក្នុងទិវាជាប្រវត្តិសាស្ត្រនេះ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំកម្មវិធីអបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជារៀងរាល់ឆ្នាំដើម្បីរំលឹកទិវាជាប្រវត្តិសាស្ត្រចំពោះរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់រដ្ឋ៕