គណៈកម្មាធិការជំនាញ នៃរដ្ឋសភាបង្ហាញការគាំទ្រចំពោះសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលក្នុងការចូលរួមលើកកម្ពស់សិទ្ធិកុមារ

វិទ្យុជាតិកម្ពុជា ៖ លោកចេម ហួត  

ភ្នំពេញ៖ គណៈកម្មាធិការជំនាញ នៃរដ្ឋសភាបានបង្ហាញការគាំទ្រចំពោះសម្ព័ន្ធអង្គការមិនមែន រដ្ឋាភិបាលដើម្បីសិទ្ធិកុមារក្នុងការចូលរួមលើកកម្ពស់សិទ្ធិកុមារឲ្យកាន់តែល្អប្រសើរនិងធានាឲ្យពួកគេមានសិទ្ធិសេរីភាពពេញលេញដូចជាមនុស្សពេញវ័យ។

ក្នុងកិច្ចប្រជុំជាមួយសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារនាព្រឹកថ្ងៃទី២៨ខែសីហានេះ នៅវិមានរដ្ឋភា លោក ជំទាវឡោក ខេង ប្រធានគណៈកម្មការសុខាភិបាលសង្គមកិច្ច អតីតយុទ្ធជន យុវនីតិ  សម្បទា ការងារបណ្តុះ បណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានគាំទ្រចំពោះសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដែលចង់ឲ្យកម្ពុជាមានស្ថាប័នជាតិសិទ្ធិមនុស្ស និងបង្កើតច្បាប់ស្តីពីសិទ្ធិកុមារដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅជាពិសេសកុមារ។

លោកជំទាវសន្យានឹងលើកយកសំណើរនេះ ទៅពិភាក្សាជាមួយគណៈកម្មាធិការជំនាញរដ្ឋសភា នឹងដាក់លិខិតជាផ្លូវការទៅស្ថាប័នព័ន្ធពាក់ព័ន្ធ នូវសំណើដែលអង្គការសង្គមស៊ីវិលលើកឡើងក្នុងកិច្ចប្រជុំថ្ងៃនេះដើម្បីរួមគ្នាដោះស្រាយបញ្ហាកង្វល់របស់កុមារឲ្យពួកគេទទួលបានសិទ្ធិរស់រៀនមានជីវិត មានឱកាសចូលរៀន ទទួលបានការថែទាំសុខភាព និងធានាមិនឲ្យមានការរំលោភបំពានគ្រប់រូបភាព។

លោក សុន ពេញ អគ្គលេខាធិការសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារមានជំនឿជាក់ថា  រដ្ឋសភាពិតជាមានតួនាទីសំខាន់ក្នុងការជំរុញដល់អ្នកពាក់ព័ន្ធឲ្យចូលរួមលើកកម្ពស់សិទ្ធិកុមារ និងលុបបំបាត់រាល់អំពើរំលោភបំពានទាំងឡាយណាដែលប៉ះពាល់ដល់ផ្លូវកាយផ្លូវចិត្តរបស់កុមារ។

លោកបានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលដែលបានធ្វើសកម្មភាពជាច្រើនលើការងារសិទ្ធិកុមារនេះ ដូចជាការបង្កើតច្បាប់យុត្តិធម៌អនីតិជន  និងបានពន្លឿនឲ្យមានច្បាប់ស្តីពីការការពាកុមារដែលនឹងចេញនៅពេលខាងមុខនេះ សម្រាប់បំរើផលប្រយោជន៍កុមារ។

ជាមួយគ្នានោះ លោក និងក្រុមកុមារបានស្នើឲ្យមានវិធានការទប់ស្កាត់ការផ្សព្វផ្សាយគ្រឿងស្រវឹង លុបំបាត់គ្រឿងញៀន និងបង្កើតផែនការទប់ស្កាត់អាពាពិហ៍ពិពាហ៍វ័យក្មេងផងដែរ ព្រោះការរៀបការនៅវ័យធ្វើឲ្យកុមារបាត់បង់ឱកាសរៀនសូត្រនិងប៉ះពាល់ដល់សុខភាពផ្លូវការជាដើម។

ជាកាឆ្លើយតបតំណាងគណៈកម្មាធិការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភាបានស្វាគមន៍ចំពោះការលើកឡើងរបស់សង្គមស៊ីវិលនូវបញ្ហាប្រឈមនានារបស់កុមារ ហើយរង់ចាំពិភាក្សាលើច្បាប់នានាដែលបំរើផលប្រយោជន៍មនុស្សជាតិជាពិសេសសិទ្ធិកុមារ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការងារជាច្រើនរួចមកហើយ ក្នុងការលើកម្ពស់សិទ្ធិកុមារនេះ៕