ក្រសួងការងារមិនអនុញ្ញាតឲ្យជនបរទេស បើកអាជីវកម្ម និងមុខរបរចំនួន១០ប្រភេទនៅម្ពុជា

វិទ្យុជាតិកម្ពុជាដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ៖ ក្រសួងការងារមិនអនុញ្ញាតឲ្យជនបរទេស បើកអាជីវកម្ម និងមុខរបរចំនួន១០នៅលើទឹកដីកម្ពុជាដើម្បីការពារ​មុខរបរនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា ។

យោងតាមការប្រកាសរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជា បានឲ្យដឹងថា អាជីវកម្មនិងមុខរបរចំនួន១០ប្រភេទដែល​បានហាមមិនអោយជនបរទេសបើកលើនៅលទឹកដីកម្ពុជានេះរួមមាន ៖ ទី១ អ្នកបើកបរយានជំនិះគ្រប់ប្រភេទជាលក្ខណៈអាជីវកម្ម ទី២ អ្នកលក់ដូរដោយមធ្យោបាយថ្មើជើង ឬយានជំនិះគ្រប់ប្រភេទនៅតាមទីសាធារណៈ ទី៣ អ្នកម៉ាស្សា ចាប់សរសៃតាមទីសាធារណៈ ទី៤ អ្នកកាត់សក់ អ៊ុតសក់ និងថែរក្សាសម្ផស្ស ទី៥ អ្នកផ្តល់សេវាកម្មដេរ និងសម្អាតស្បែកជើង ទី៦ អ្នកកាត់ដេរ ទី៧ អ្នកប៉ៈកង់ ជាងជួសជុលយានយន្ត ទី៨ អ្នកផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ ទី៩ អ្នកផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប និងទី១០ ជាងទង ជាងច្នៃត្បូងពេជ្រ ។
ប្រភពបានអៈអាងថា កំណត់ប្រភេទមុខរបរ និងការងារដែលត្រូវបានហាមឃាត់ ចំពោះជនបរទេសនៅ កម្ពុជានេះ ដោយសារតែបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាភាគច្រើនបានចាប់យកអាជីពទំាងនេះដើម្បីចិញ្ចឹមជីវិតក្នុងជីវភាពប្រចាំថ្ងៃ ដូច្នេះរាជរដ្ឋាភិបាលការពារមិនអោយជនបរទេសមកដណ្តើមការងារពីប្រជាពលរដ្ឋកម្ពុជាឡើយ ។ បន្ថែមពីនេះទៀតក្រសួងការងារនឹងមិនផ្តល់ ឬមិនបន្តសុពលភាពបណ្ណ ឬសៀវភៅការងារដល់ជនបរទេស ដែលកំពុងប្រកបមុខរបរ និងការងារដូចមានកំណត់ឡើយ ។
សូមបញ្ជាក់ បច្ចប្បន្ននេះគេសង្កេតឃើញមានជនបរទេសជាច្រើនបានមកដណ្តើមអាជីព ការងាររបស់ប្រជាពលរដ្ឋកម្ពុជា ដូចជា អ្នកលក់មីឆា លូតឆា និង នំរូទី តាមរទេះរុញ ម៉ាស្សា និងកែសម្ផស្ស ៕