នាយករដ្ឋមន្ត្រីលីបង់ស្នើសុំការគាំទ្រពីរុស្ស៊ីក្នុងការជៀសវាង ភាពតានតឹងជាមួយអ៊ីស្រាអែល

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ — ក្រសួងការបរទេសរុស្ស៊ីបានជូនដំណឹងកាលពីថ្ងៃអង្គារថា នាយករដ្ឋមន្ត្រីលីបង់លោក Saad Hariri បានស្នើសុំឱ្យរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov សម្រាប់ការគាំទ្រ ពីទីក្រុងមូស្គូ ដើម្បីចៀសវាងភាពតានតឹងដែលកំពុងកើនឡើង ​រវាងប្រទេសលីបង់ និង​អ៊ីស្រាអែល។

ក្រសួងបានរាយការណ៍ថា ដោយសារតែឧប្បត្តិហេតុជាមួយយន្តហោះគ្មានមនុស្សបើក​របស់ អ៊ីស្រាអែលនៅលើអាកាសនៅពីលើក្រុងបេរូត កាលពីថ្ងៃទី២៥ ខែសីហា​ ដោយលោក ហារីរី​ បានស្នើសុំទៅប្រទេសរុស្ស៊ីនូវសំណើក្នុងការប្រើសិទ្ធិអំណាច និងឥទ្ធិពលរបស់ខ្លួន ដើម្បីចៀសវាងការកើនឡើងភាពតានតឹងរវាងអ៊ីស្រាអែល និងលីបង់ ដែលបង្កការគំរាម​កំហែង​ដល់សន្តិសុខក្នុងតំបន់។

ក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់ថា ភាគីរុស្ស៊ីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត​របស់ខ្លួនក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពទឹកដី និងស្ថិរភាពរបស់​លីបង់ ដោយសង្កត់ធ្ងន់ថា គ្រប់ភាគីទាំងអស់ត្រូវគោរពតាមច្បាប់អន្តរជាតិ​ ពោលគឺ​ដំណោះ​ស្រាយលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះគឺជាវិធីសាស្រ្ត​ដែលជាមូលដ្ឋានរបស់ទីក្រុងមូស្គូនៅក្រុមប្រឹក្សាសន្តិសុខ និងក្នុងទំនាក់ទំនងជាមួយបណ្តា​ប្រទេស​ក្នុងតំបន់។

នៅពេលមុននេះ កងកម្លាំងប្រដាប់អាវុធលីបង់បានជូនដំណឹងថា យន្តហោះគ្មាន​មនុស្ស​បើករបស់  អ៊ីស្រាអែល ២គ្រឿង បានចូលក្នុងលំហអាកាសរបស់ប្រទេសលីបង់​កាលពី​ព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ។ យន្តហោះគ្មាន​មនុស្ស​បើកមួយកបានធ្លាក់ដោយមិនបង្កឱ្យមាន​ការ​ខូចខាតទេ ​រីឯមួយផ្សេងទៀតបានផ្ទុះនៅលើអាកាសក្នុងតំបន់នៃជាយក្រុង Mirawad ភាគ​ខាងត្បូងទីក្រុង Beirut៕

(ប្រភពTASS: បកប្រែដោយលោក មាស សំអុល)