រដ្ឋមន្រ្តីការបរទេសជប៉ុនសង្កត់ធ្ងន់អំពីតម្រូវការ នៃការតាក់តែងច្បាប់នៅសមុទ្រខាងកើត

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក Taro Kono បានបញ្ជាក់ថា ប្រទេសរបស់លោកប្រឆាំងនឹងរាល់សកម្មភាពដែលបង្កើនភាពតានតឹងនៅសមុទ្រខាងកើត។

រដ្ឋមន្ត្រីរូបនេះបានធ្វើសេចក្តីថ្លែងការណ៍នេះ ឆ្លើយតបនឹងសំណើរបស់អ្នកសារព័ត៌មានរបស់ទីភ្នាក់ ងារសារព័ត៌មានវៀតណាម ដើម្បីសុំយោបល់អំពីការកើនឡើងភាពតានតឹងនៅសមុទ្រខាងកើតដោយសារសកម្មភាពឯកតោភាគីរបស់ចិនដែលរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ អធិបតេយ្យភាព សិទ្ធិអធិបតេយ្យ និងយុត្តាធិការ ព្រមទាំងរារាំងសកម្មភាពប្រេង និងឧស្ម័នដែលមានជាយូរមកហើយស្របច្បាប់ដែលបានធ្វើនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសវៀតណាម ក៏ដូចជាបណ្តាប្រទេសជាប់ ព្រំដែនមួយចំនួនទៀតផង។

លោកបាននិយាយថា សមុទ្រខាងកើត គឺជាខ្សែសមុទ្រសំខាន់មួយសម្រាប់ប្រទេសជប៉ុន និងប្រទេសជាច្រើនទៀត។ វាទាក់ទងដោយផ្ទាល់ទៅនឹងស្ថិរភាព និងសន្តិភាពនៃតំបន់ ដោយលោកបាននិយាយបន្ថែមថា សហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុនផងដែរ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាពនៅក្នុងសមុទ្រនេះ។

លោករដ្ឋមន្រ្តីរូបនេះបាននិយាយបន្តទៀតថា បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ាកាលពីពេលថ្មីៗនេះនៅទីក្រុងបាងកក លោកបានលើកឡើងនូវការព្រួយបារម្ភអំពីស្ថានភាពធ្ងន់ធ្ងរនៅសមុទ្រខាងកើត ហើយលោកបានចាត់ទុកថា សហគមន៍អន្តរជាតិគួរតែប្រឆាំងរាល់ការប៉ុនប៉ងជាឯកតោភាគីដើម្បីផ្លាស់ប្តូរស្ថានភាព នឹងសកម្មភាពធ្ងន់ធ្ងរណាមួយដោយមានការបង្ខិតបង្ខំពីសំណាក់ប្រទេសណាមួយ។

អ្នកការទូតកំពូលរបស់ជប៉ុនបានស្នើដល់គ្រប់ភាគីដែលពាក់ព័ន្ធទាំងអស់ឱ្យធ្វើការដកកម្លាំងយោធា ឬស្ថាប័នយោធានៅតំបន់សមុទ្រនេះ ដោយលោកបានសង្កត់ធ្ងន់ថា រាល់ជម្លោះណាមួយត្រូវតែដោះស្រាយស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ។ លោកបាននិយាយថា បណ្តាប្រទេសនានាគួរតែបន្តសង្កត់ធ្ងន់ទៅលើភាពចាំបាច់ដើម្បីលើកកម្ពស់នីតិរដ្ឋនៅតំបន់សមុទ្រខាងកើត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)