ក្រសួងការពារជាតិសហរដ្ឋអាមេរិកមានការព្រួយបារម្ភ អំពីការបង្ខិតបង្ខំរបស់ចិនប្រឆាំងនឹងវៀតណាមនៅសមុទ្រខាងកើត

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩​  — កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ​២០១៩ ក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការជ្រៀតជ្រែកដោយបង្ខំរបស់ចិននៅក្នុងសកម្មភាពប្រេង និងឧស្ម័នរបស់វៀតណាមនៅសមុទ្រខាងកើត ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរំលោភលើបទបញ្ជាអន្តរជាតិដែលផ្អែកលើច្បាប់នៅទូទាំងឥណ្ឌូ – ប៉ាស៊ីហ្វិក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិអាម៉េរិកបាននិយាយថា ថ្មីៗនេះប្រទេសចិនបានបន្តការជ្រៀតជ្រែករបស់ខ្លួននៅក្នុងកិច្ចការងារប្រេងរបស់វៀតណាម នឹងជាសកម្មភាពនានានៅតំបន់សមុទ្រខាងកើត ហើយបញ្ហានេះផ្ទុយទាំងស្រុងទៅនឹងការសន្យារបស់រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe នៅឯកិច្ចសន្ទនា Shangri-La ថា ប្រទេសចិននឹង «ប្រកាន់ខ្ជាប់នូវផ្លូវអភិវឌ្ឍន៍សន្តិភាព»។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា «សកម្មភាពរបស់ប្រទេសចិន គឺផ្ទុយស្រឡះពីទស្សនៈសេរីភាព នឹងបើកចំហររបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដែលគ្រប់ប្រជាជាតិទាំងតូចទាំងធំមានសុវត្ថិភាពនៅក្នុងអធិបតេយ្យភាពរបស់ពួកគេដោយគ្មានការបង្ខិតបង្ខំ នឹងអាចបន្តកំណើនសេដ្ឋកិច្ចស្របនឹងការទទួលយកច្បាប់ និងបទដ្ឋានអន្តរជាតិ»។

យោងតាមសេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា ប្រទេសចិននឹងមិនទទួលបានការជឿទុកចិត្តពីប្រទេសជិតខាង នឹងការគោរពរបស់សហគមន៍អន្តរជាតិឡើយ ដោយសារគេនៅរក្សានូវយុទ្ធសាស្ត្រសម្លុតបំភ័យរបស់ខ្លួនដដែល៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)