ប្រជាកសិករខេត្តកំពង់ឆ្នាំង ឆ្នាំនេះធ្វើស្រូវរដូវវស្សាសំរេច បានចំនួន១២៤.៩៦៩ហិកតា

វិទ្យុជាតិកម្ពុជា៖ដោយ លោកម៉ៅ សុខា ខេត្តកំពង់ឆ្នាំង

MC: លោកងិន ហ៊ុនប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានអោយដឹងថាគិត ដល់ ចុងខែសីហានេះ ប្រជាកសិករ បានបង្កបង្កើនផលស្រូវវរដូវវស្សា បានចំនួន១២៤.៩៦៩ហិកតាស្មើនឹង១០២.៦០ភាគរយនៃផែនការ១២១.៨០០ហិកតាកើនលើសកាលពីឆ្នាំ២០១៨ចំនួន១២២ហិកតា។
ក្នុងនោះមានស្រូវឡើងទឹកចំនួន២២៤ហិកតាស្រូវស្រាលចំនួន ៨៩៩៣ហិកតា ស្រូវកណ្តាលចំនួន៧២២២០ ហិកតានិងស្រូវធ្ងន់៤៣៥៣២ហិកតា។
លោក ប្រធានមន្ទីរបន្តថាឆ្នាំនេះប្រជាកសិករភាគច្រើនបានប្តូរពីស្ទូងមកធ្វើពង្រោះវិញដោយសារបច្ចុប្បន្នពួកគាត់ខ្វះកំលាំងធ្វើពលកម្ម កូន ចៅទៅចូលធ្វើការតាមរោងចក្រ ហើយការធ្វើស្រូវពង្រោះនេះ ប្រជាកសិករនាំគ្នាប្រើបច្ចេកទេសកសិកម្មសមស្រប ដូចជាភ្ជួរដីពីរលើកទើបព្រួសស្រូវ បាញ់ថ្នាំសំលាប់ស្មៅ បាចជីត្រឹមត្រូវ ពិសេសគឺការថែរក្សាទឹកអោយមាននៅក្នុងស្រែជាប់ជាប្រចាំស្របតាមការណែនាំរបស់ក្រសួងកសិកម្ម ម៉្លោះហើយនៅពេលប្រមូលផល ទិន្នផលទទួលបានក៏មិនចាញ់ស្រូវសន្ទូងដែរ។
លោកប្រធានមន្ទីរបន្តទៀតថាតាមការវាស់ស្ទង់កំរិតទឹកភ្លៀងក្នុងរដូវវស្សាឆ្នាំនេះទឹកមានកំពស់៧៨៦.៥៦មីលីម៉ែត្រទាបជាងឆ្នាំ២០១៨ ១៧៤.៤៤មីលីម៉ែត្រក្នុងករណីនៅតំបន់ខ្លះខ្វះខាតទឹកស្រោចស្រព។ ដូច្នេះមន្ទីរ មានវិធានការត្រៀមទុកជាមុននូវប្រេងនិងម៉ាស៊ីនបូមទឹក ដោយសហការជាមួយមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តដើម្បីជួយសង្គ្រោះអោយបានទាន់ពេលវេលាមិនទុក្ខអោយ
ដំណាំស្រូវរបស់ប្រជាកសិករខូចខាតឡើយ៕ ផោ