ប្រជាពលរដ្ឋក្រុងស្ទឹងត្រែង លើកឡើថាបញ្ហាសំរាម បង្កឱ្យខូចសោភណ្ឌភាពក្នុងក្រុង

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ៖ខេត្តស្ទឹងត្រែង៖

 ប្រជាពលរដ្ឋប្រមាណជិត២០០នាក់ ក្នុងក្រុងស្ទឹងត្រែង បាន ធ្វើការរិះគន់ទៅលើកបុគ្គលមួយចំនួនរស់នៅក្នុងក្រុងដូចគេឯងដែរតែមិនបានភ្ញាក់រលឹកចូលរួមស្រឡាញ់បរិស្ថាន ចេះតែលួចចោលសំរាមផ្តេសផ្តាស បង្គឱ្យផលប៉ះពាល់សោភណ្ឌភាពក្រុង ក្នុងពេលអាជ្ញាធរកំពុងប្រឹងប្រែងរៀបចំទីក្រុងស្អាត។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង ដែលបានធ្វើឡើងនៅវិទ្យាល័យហ៊ុនសែនស្ទឹងត្រែង ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុង-ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ប្រជាពលរដ្ឋនៅក្នុងក្រុងសុំមិនឱ្យបញ្ជេញឈ្មោះបានលើកឡើងថា៖រយៈពេលជាង១០ឆ្នាំហើយដែលអាជ្ញាធរបានណែនាំពីបញ្ហាសម្រាមដែលបុគ្គលមួយចំនួន លួចយកទៅចោលរាយប៉ាយគ្មានសណ្តាប់ធ្នាប់។ ប្រជាពលរដ្ឋរូបនេះបន្តថា៖ការចោលរាយប៉ាយនេះគឺមានបងប្អូនមួយចំនួនមិនបានបង់ប្រាក់ថ្លៃការប្រមូលសំរាម ។ ម៉្យាងទៀត ក្រុមហ៊ុនប្រមូលសំរាម ក៍នៅមានភាពយឺតយ៉ាវ ប្រមូលមិនទៀងទាត់ និងមានតម្លើងថ្លៃ លើស ថ្លៃចាស់ ខុសពីឆ្នាំកន្លងមកមួយជាពីរ ដែលធ្វើឱ្យប្រជាពលរដ្ឋមិនចូលរួមបង់ថ្លៃសំរាមទើបកើតមានបញ្ហាស្មុគ្រស្មាញបង្កផលប៉ះពាល់បរិស្ថាននិងផ្នែកសោភណ្ឌភាពក្រុង។
លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានអះអាងថា៖បញ្ហានេះខាងសាលាក្រុងនឹងបើកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនប្រមូលសំរាម ដើម្បីដោះស្រាយរឿងនេះឱ្យបានឆាប់ដើម្បីយើងរួមគ្នាធ្វើឱ្យទីក្រុងស្អាត។ ជាមួយគ្នានេះលោក សាយ កុសល ក៍បានសំណូមពរឱ្យប្រជាពលរដ្ឋដែលចោលសំរាម រាយប៉ាយទាំងនោះសូមបញ្ឈប់ភាពផ្តេសផ្តាសនេះ ព្រោះអាជ្ញាធរក្រុងបានរៀបចំកម្លាំងប្រជាការពារជាមួយនិងសមត្ថកិច្ចប៉ូលីស ចាំឃ្លាំមើល អ្នកចោលសំរាម រាយប៉ាយ បើឃើញហៅមកណែនាំ និងធ្វើកិច្ចសន្យាផាកពិន័យ។
សូមបញ្ជាក់ថា៖ រាល់ សំណូមពរ ប្រជាពលរដ្ឋលើកឡើងនៅក្នុងវេទិកាខាងលើនេះ ត្រូវបានអាជ្ញាធរក្រុង និងថ្នាក់ដឹកនាំពាក់ព័ន្ធដោះស្រាយ និងឆ្លើយតបភ្លាមៗ ហើយបញ្ហានៅសេសសលអាជ្ញាធរនឹងលើកយកទៅរាយការណ៍ជូនក្នុងកិច្ចប្រជុំជាមួយថ្នាក់ខេត្តដើម្បីដោះស្រាយជូនប្រជាពលរដ្ឋបន្តទៀត៕