សម្តេចប្រធានរដ្ឋសភាកម្ពុជាស្នើភាគីថៃយកចិត្តទុកដាក់ដល់ពលករខ្មែរអោយបានល្អដូចជាពលរដ្ឋខ្លួន

វិទ្យុជាតិកម្ពុជាៈ លោកចេម ហួត

MC៖ សម្តេចប្រធានរដ្ឋសភាកម្ពុជាស្នើប្រទេសថៃយកចិត្តទុកដាក់ដល់ពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃឲ្យដូចប្រជាជនថៃ និងពលករបរទេសផ្សេងៗផងដែរដើម្បីឲ្យពួកគេមានសិទ្ធិសេរីភាពពេញក្នុងធ្វើការងារធានាបានមិនមានការរំលោភបំពានសិទ្ធិសេរីភាពគ្រប់រូបភាព។
ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈួន លីផៃ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ និងជាប្រធានសភាអាយប៉ា លើកទី៤០ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ នាទីក្រុងបាងកក ប្រទេសថៃ ខណៈដែលសម្តេចបានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤០ ដែលសភាប្រទេសថៃធ្វើជាម្ចាស់ផ្ទះនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបច្ចុប្បន្ននេះ ការប្រើប្រាស់កម្លាំងពលកម្មប្រកបដោយប្រសិទ្ធភាព ជាការចាំបាច់ និងជាតម្រូវការប្រទេសនីមួយៗ ដូច្នេះប្រទេសក្នុងតំបន់ទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តប្រព័ន្ធគាំពារសង្គម ដើម្បីធានាថាពលករចំណាកស្រុកទាំងអស់ រួមទាំងក្រុមគ្រួសារពួកគេ ត្រូវបានការពារដោយច្បាប់ និងទទួលបានសេវាសាធារណៈដោយមិនរើសអើង។

ឯកឧត្តម ឈួន លីផៃ បានគំាទ្រ និងប្តេជ្ញាលើកស្ទួយសិទ្ធិពលករចំណាកស្រុកមិនថា ពលរដ្ឋកម្ពុជាឬប្រទេសផ្សេងៗដែលកំពុងធ្វើការនៅប្រទេសថៃពីព្រោះជាបញ្ហារួម ប្រទេសថៃក៏មានបញ្ហានេះ ដោយកន្លងមកភាគីថៃបានយកចិត្តទុកដាក់ដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ៕