រាជរដ្ឋាភិបាលជំរុញឱ្យយុវជនកម្ពុជាចេះស្វែងយល់ពីភាពរីកចម្រើនរបស់ប្រទេសនីមួយៗនៅលើពិភពលោក

វិទ្យុជាតិកម្ពុជា ដោយ លោក ជួន បូណា
ភ្នំពេញ៖រាជរដ្ឋាភិបាល បានជំរុញ ឱ្យយុវជនកម្ពុជាចេះសិក្សាស្វែងយល់ពីភាពរីកចម្រើនរបស់ប្រទេសនីមួយៗនៅលើពិភពលោកដើម្បីពាំនាំនូវចំណុចល្អៗយកមកអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន ព្រមទាំងចែករំលែកពីការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច របស់កម្ពុជាទៅប្រទេសទាំងនោះវិញ។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានណែនាំឲ្យយុវជនកម្ពុជាត្រូវខិតខំសិក្សាស្វែងយល់បន្ថែមទៀត អំពីចំណេះដឹងទូទៅទាក់ទងនឹងស្ថាប័ន តំបន់ និងអន្តរជាតិនានា ដែលកម្ពុជាជាសមាជិក រួមទាំងអត្ថប្រយោជន៍ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសទាំងនោះ។
ក្នុងឱកាសទទួលជួបជាមួយគណៈប្រតិភូយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន ៣៣រូប នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមបានបន្ដថា ការជំរុញឲ្យយុវជនយកចិត្តទុកដាក់ និងសិក្សារៀនសូត្រពីស្ថានភាពរបស់ប្រទេសដទៃ និងអំពីភាពរីកចម្រើនរបស់ប្រទេសនោះ ដើម្បីពាំនាំនូវចំណុចល្អៗយកមកអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន ជាពិសេសយុវជនទាំងអស់ត្រូវធ្វើជាមគ្គុទ្ទេសក៍ដ៏ល្អ ជាអ្នកការទូតតំណាងឲ្យកម្ពុជា ដោយរក្សាឲ្យបាននូវកិត្តិយស តម្លៃ និងវប្បធម៌របស់ជាតិ ដោយត្រូវព្យាយាមលើកកម្ពស់វប្បធម៌ ទេសចរណ៍ និងអត្តសញ្ញាណជាតិ ព្រមទាំងរក្សានូវទំនាក់ទំនងល្អជាមួយយុវជនបណ្តាប្រទេសដទៃទៀត។
លោក ណៃ សែមណារ័ត្ន អនុប្រធានសមាគមនាវាយុវជនអាស៊ីអាគេ្នយ៍កម្ពុជា បានលើកឡើងថា គណៈប្រតិភូយុវជនទំាងអស់នឹងខិតខំរៀនសូត្រ និងរឹតចំណងមិត្តភាព ចែករំលែកនូវវប្បធម៌នៃប្រទេសនីមួយៗ ក្នុងការជួយដល់សង្គមជាតិ។
លោកបន្តថា មកដល់ឆ្នាំ២០១៩នេះ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍គឺជាលើកទី ៤៦ហើយ ដោយគ្រោងទុកក្រុមយុវជននឹងប្រើប្រាស់រយៈពេល ៥១ថ្ងៃចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ដោយនាវា នឹងចូលចតក្នុងប្រទេសចំនួន ០៥គឺ៖ ប្រទេសជប៉ុន វៀតណាម សឹង្ហបុរី មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី។
សូមបញ្ជាក់ថា រៀងរាល់ឆ្នាំ កម្មវិធីនេះតែងតែបាននាំមកនូវការជួបជុំរវាងយុវជនអាស៊ាន និងជប៉ុន ជាង ៣០០នាក់។ ពេលនាវាចូលចតនៅតាមបណ្តាកំពង់ផែនៃប្រទេស នីមួយៗ ប្រតិភូយុវជនទាំងអស់នឹងធ្វើទស្សនកិច្ចសិក្សានៅតាមស្ថាប័ន គ្រឹះស្ថាននានារបស់ប្រទេសនោះ ជាពិសេសមានឱកាស បានជួបសម្តែងការគួរសមជាមួយប្រមុខរដ្ឋាភិបាល ក៏ដូចជាព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រីនៃប្រទេសជប៉ុនផងដែរ។ ដោយឡែក សកម្មភាពនៅលើនាវារួមមាន៖ ការពិភាក្សាជាក្រុម ការសម្តែងសិល្បៈ និងវប្បធម៌នៃប្រទេសនីមួយៗ និងសកម្មភាពផ្សេងៗ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរបទពិសោធន៍របស់យុវជនទាំងអស់៕