លោក Trump បាននិយាយម្តងទៀតអំពីសក្តានុពលសេដ្ឋកិច្ចរបស់កូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ — ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសជាថ្មីម្តងទៀត អំពី​សក្តានុពលសេដ្ឋកិច្ចរបស់កូរ៉េខាងជើងកាលពីថ្ងៃចន្ទនេះ ដែលហាក់ដូចជាចង់ជំរុញឱ្យរបប​នេះ​វិលត្រឡប់ទៅរកកិច្ចពិភាក្សានុយក្លេអ៊ែរឡើងវិញ។កិច្ចចរចាមិនទាន់ចាប់ផ្តើមនៅឡើយទេ បើទោះបីជាលោក Trump នឹងមេដឹកនាំ​កូរ៉េ​ខាងជើងលោក គីម ជុង-អ៊ុន យល់ព្រមធ្វើដូច្នោះក្នុងរយៈពេលជាច្រើនសប្តាហ៍​ បន្ទាប់ពីកិច្ច​ប្រជុំ​​គ្នារបស់ពួកគេនៅតាម ព្រំដែនអន្តរកូរ៉េកាលពីថ្ងៃទី៣០ ខែមិថុនាកន្លងទៅក៏ដោយ។

លោក Trump បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតី​បារាំង​លោក អេម៉ា-នុយអែល ម៉ាក្រុង (Emmanuel Macron) នៅឯចុងបញ្ចប់នៃកិច្ចប្រជុំកំពូល នៃ​ក្រុម​ទាំងប្រាំពីរនៅ Biarritz ប្រទេសបារាំងថា « ខ្ញុំគិតថា កូរ៉េខាងជើងមានសក្តានុពលសេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ហើយខ្ញុំគិតថា លោក គីម – ជុង អ៊ុន មើលឃើញដូច្នោះ » ។

ជាពិសេសលោក Trump បានកត់សម្គាល់ទីតាំងភូមិសាស្ត្ររបស់កូរ៉េខាងជើង​រវាង​ចិន រុស្ស៊ី និង កូរ៉េខាងត្បូងដោយនិយាយថា ការហាមឃាត់ការហោះហើរជាមធ្យោបាយតែ​មួយគត់ ដើម្បីទៅដល់ ខាងត្បូង គឺឆ្លងកាត់ខាងជើង។

លោកមានប្រសាសន៍ថា ដូច្នេះផ្លូវដែកនិងអ្វីៗផ្សេងទៀតមានរឿងជាច្រើនចង់កើត​ឡើង​​នៅទីនោះ។
លោក Trump ទំនងជានិយាយសំដៅទៅលើការបន្ធូរបន្ថយទណ្ឌកម្ម ​និងការផ្តល់​សម្ប​ទានសេដ្ឋកិច្ចផ្សេងទៀត ដែលក្រុងវ៉ាស៊ីនតោននឹងផ្តល់ជូន ប្រសិនបើទីក្រុងព្យុងយ៉ាង​យល់ព្រមរុះរើកម្មវិធីមីស៊ីល នុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន។ តែប៉ុន្មានម៉ោងមុន​នេះ​លោក Trump បានលើកឡើងពីប្រទេសកូរ៉េខាងជើង​ខណៈ​ដែល​កំពុង​ពិភាក្សាអំពីសក្តានុពលរបស់អ៊ីរ៉ង់។

កិច្ចពិភាក្សារវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាងបានជាប់គាំងចាប់តាំងពីកិច្ច​ប្រជុំ​កំពូល​​លើកទី២ រវាងលោក Trump និងលោក គីម នៅប្រទេសវៀតណាមកាលពីខែកុម្ភៈ​ ដែល​បាន​បញ្ចប់ដោយគ្មានកិច្ច ព្រមព្រៀង៕

(ប្រភពYonhap: បកប្រែដោយលោក មាស សំអុល)