ក្រុមហ៊ុន រ៉ាយស៍ នែតជ្រល ឌីវេឡុបម៉ិន មានគម្រោងវិនិយោគកែច្នៃសំរាម ផលិតអគ្គិសនី , គម្រោងជីវឥន្ធនៈ ,និងអភិវឌ្ឍន៍ កំពង់ផែទូកទេសចរណ៍ទំនើបនៅខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​លោក​ ចន​ ណារិទ្ធ​៖


ក្នុងឳកាសចូលជួបពិភាក្សាការងារជាមួយឯកឧត្ដម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃចន្ទទី២៦ ខែសីហា ឆ្នាំ២០១៩ លោក DATO MAH KASENG ប្រធានក្រុមហ៊ុន RIC NATURAL DEVELOPMEBT PLC និងក្រុមហ៊ុនវិនិយោគបរទេសសឹង្ហបុរី និងម៉ាឡេស៊ី
បានបង្ហាញពី គោលបំណងវិនិយោគ លើគម្រោងកែច្នៃសំរាម ផលិតថាមពលអគ្គិសនី, គម្រោងជីវឥន្ធនៈ , និងអភិ វឌ្ឍន៍កំពង់ផែទូកទេសចរណ៍ទំនើបនៅខេត្តព្រះសហនុ ព្រោះខេត្តព្រះសីហនុ កំពុងមានការទាក់ទាញភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរចិន ច្រើនជាងគេក្នុងចំណោមភ្ញៀវទេសចរបរទេស ។
លោក DATO MAH KASENG បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក មានគម្រោងវិនិយោគលើការកែច្នៃសំរាមផលិតថាមពលអគ្គិសនី ហើយក្រុមហ៊ុនកំពុងដាក់ឱ្យដំណើរការនៅប្រទេសថៃទទួលបានជោគជ័យ និងកំពុងបង្កើតរោងចក្រផលិតអគ្គិសនី ចេញពីសំរាមនៅក្នុងប្រទេសឡាវ ។ ក្រុមហ៊ុនចង់មកធ្វើការកែច្នៃសំរាម ផលិតជាថាមពលអគ្គិសនីនៅខេត្ដព្រះសីហនុ ព្រោះការវិនិយោគក្នុងខេត្តព្រះសីហនុ មានសន្ទុះកើនឡើង សំរាមក៍វាមានការកើនឡើងផងដែរ ទន្ទឹមនឹងការកែច្នៃសំរាម ក៍មានគម្រោងវិនិយោគជីវឥន្ធនៈនៅខេត្តព្រះសីហនុ ដោយក្រុមហ៊ុន (ម៉ាឡេស៊ី) និងគម្រោងអភិវឌ្ឍន៍កំពង់ផែទូកទេសចរណ៍ទំនើប ដោយក្រុមហ៊ុន (ប្រទេសសឹង្ហបុរី) ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ បានស្វាគមន៍ចំពោះគម្រោងវិនិយោគនៅខេត្តព្រះសីហនុ ព្រោះសំរាមនាពេលបច្ចុប្បន្ន ក្នុងមួយថ្ងៃមានជាង ១.០០០ តោន ហើយ អាចកើនឡើងបន្ថែមទៀត ក៍ប៉ុន្តែក្រុមហ៊ុនត្រូវសិក្សាគម្រោងឱ្យបានស៊ីជម្រៅ អំពីទីផ្សារ ដើម្បីឈានទៅសម្រេចគោលដៅក្នុងការវិនិយោគកែច្នៃសំរាម ជាថាមពលអគ្គិសនីឱ្យមានប្រសិទ្ធិភាព ហើយមន្ត្រីរបស់យើងនឹងធ្វើការពិភាក្សាតាមជំនាញនិមួយៗ ដើម្បីឈានទៅអនុវត្តគម្រោងទាំង០៣ខាងលើ ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្រុមហ៊ុនត្រូវសិក្សាអំពីសំរាមដើម្បីផលិតថាមពលអគ្គិសនី ១៥០មេហ្កាវ៉ាត់ តើត្រូវប្រើប្រាស់សំរាមប៉ុន្មានតោន ដើម្បីយើងមានមូលដ្ឋានក្នុងការប្រមូលសំរាម និងឈានទៅបង្កើតរោងចក្រកែច្នៃសំរាម ផលិតថាមពលអគ្គិសនី ពិសេសក្រុមហ៊ុន មានប្រភពសេដ្ឋកិច្ចក្នុងការសាងសង់ រោងចក្រកែច្នៃសំរាម ។ ដោយឡែកចំពោះក្រុមហ៊ុនជីវឥន្ទន ត្រូវសិក្សាទីផ្សារ ដើម្បីធ្វើការក្រកួតប្រជែងជាមួយក្រុមហ៊ុននានា នៅ កម្ពុជាឱ្យមានតម្លាភាព និងការអភិវឌ្ឍផែទូកទេសចរណ៍ទំនើប បន្តពិភាក្សា ជាមួយមន្ត្រីមន្ទីរទេសចរណ៍ ៕