ក្រុមការងារថ្នាក់ជាតិនិងអាជ្ញាធរស្រុកកំពង់លែងបង្កើនយន្តការជួយដោះស្រាយទុក្ខកង្វល់ របស់ប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ដោយលោក ឡេង ធារ៉ា៖

 ក្រុមការងារថ្នាក់ជាតិនិងអាជ្ញាធរស្រុកកំពង់លែងបានបើកវេទិកាសាធារណៈជាលើកទី២ ដើម្បីជួយដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ។
ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយនិងទូរគមនាគមន៍និងជា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែងបានសន្យានឹងជួយដោះស្រាយបញ្ហាអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ប្រឡាយទឹក ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បញ្ហាព្រំប្រទល់ ឃុំ សំណើសុំភ្ជួរដីស្រែឡើងទឹក និងបញ្ហាផ្សេងៗមួយចំនួនទៀតដែលជាតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដម ប្រធានក្រុមការងារនិងឯកឧត្ដម អនុប្រធានក្រុមការងារ សមាជិក ក្រុមការងារព្រមទាំងមន្ទីរជំនាញបានពន្យល់បកស្រាយរិះរកវិធីសាស្ត្រពន្លឿនការដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានឆាប់។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ការពង្រីកយន្តការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋគឺដើម្បីគាំទ្រនិងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជ រដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៦នៃរដ្ឋសភា ដែលធានាឲ្យប្រជាពល រដ្ឋទទួលបានផលប្រយោជន៍ពីការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍន៍មូលដ្ឋាន ការដោះស្រាយបញ្ហានានាដើម្បីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
សូមបញ្ជាក់ថា វេទិកាសាធារណៈលើកទី២ របស់ក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកកំពង់លែង បានប្រារព្ធធ្វើនៅក្នុងបរិវេណសាលាឃុំពោធិ៍ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងដើម្បីស្វែងរកដំណោះស្រាយនិងកង្វល់របស់ពលរដ្ឋ ៕