KOICA ​ ផ្តល់ថវិកាសម្រាប់រៀបចំសន្និសីទអន្តរជាតិ ស្តីអំពី៖ អំពើប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាព នៅកម្ពុជា

AKP  ភ្នំពេញ ថ្ងៃទី២៧ ខែសីហាឆ្នាំ ២០១៩ -យោងតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) នៅថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា KOICA រួមជាមួយអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌ នៃអង្គការសហប្រជាជាតិ(UNESCO) នឹងរៀបចំសន្និសីទអន្តរជាតិ៖ “អំពើប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាព” ជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។

សេចក្តី​ប្រកាស​ព័ត៌មានដដែលបានបន្តថា សន្និសីទអន្តរជាតិរយៈពេល ៣ថ្ងៃនេះ នឹងត្រូវរៀបចំឡើងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៨, ២៩ និង ៣០ ខែសីហា ឆ្នាំ២០១៩ នៅសារមន្ទីរប្រល័យពូជសាន៍ទួលស្លែង នៅមជ្ឈមណ្ឌល Ecumenical Diakonia និង នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រា។

ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីសំណាក់ លោក​ គីម ជីមីន (Kim Ji Min) ឯកអគ្គ រដ្ឋទូតស្តីទី នៃសាធារណរដ្ឋកូរ៉េ ប្រចាំក្រកម្ពុជា ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងនាមជាតំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ  លោក  Rho Hyun-Jun ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំការិយាល័យប្រទេសកម្ពុជា លោកស្រី Kim Ji Yoon  អគ្គនាយក នាយកដ្ឋានសហប្រត្តិបត្តិការពហុភាគី និងជំនួយមនុស្សធម៌ របស់ទីស្នាក់ការ      កណ្តាល KOICA  លោក Sardar Umar Alam នាយក ការិយាល័យនៅភ្នំពេញ និងជាតំណាងអង្គការ UNESCO ប្រចាំកម្ពុជា និង លោក ឆាយ  វិសុទ្ធ ប្រធានសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ព្រមទាំងអ្នកចូលរួមជាតិ និងអន្តរជាតិ ប្រមាណ ១៥០នាក់។

សន្និសីទអន្តរជាតិនេះអ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ ស្តីពីការគ្រប់គ្រងបណ្ណសារដែលទាក់ទងនឹងអំពើប្រល័យពូជសាសន៍។ សន្និសីទនេះ នឹងអនុញ្ញាតឱ្យសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង គឺ ១-មានទំនាក់ទំនងជាមួយស្ថាប័ន ជាតិ ដែលមានសកម្មភាពទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរក្រហម និងស្ថាប័នស្រដៀងគ្នានៅជុំវិញពិភពលោក ព្រមទាំងបណ្តុះគំនិចផ្តួចផ្តើមកសាងសន្តិភាព។ ២-ដើម្បីផ្លាស់ប្តូរទស្សនៈ របស់អន្តរជាតិលើបញ្ហាប្រឈមខាងក្រមសីលធម៌ តាមរយៈការធ្វើឌីជីថលបណ្ណសារពាក់ព័ន្ធនឹងអំពើឃាតកម្មប្រល័យពូជសាសន៍នេះ។

គួររម្លឹកផងដែលថា សន្និសីទនេះត្រូវបានរៀបចំឡើងនៅក្នុងក្របខ័ណ្ឌនៃ “គម្រោង ស្តីពី ការអភិរក្សនិងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ” ដែលបានទទួលថវិកាគាំទ្រពី KOICA។ ជាការចូលរួមចំណែកក្នុងការងារអភិរក្ស និងឌីជីថលបណ្ណសារនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង KOICA បានគាំទ្រដល់អង្គការUNESCO ក្នុងការអនុវត្តគម្រោងមួយដែលមានចំណងជើងថា “គម្រោង ស្តីពី ការអភិរក្ស និងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងប្រព័ន្ធកុំព្យូទ័រ” ដែលមានទឹកប្រាក់សរុប ១.១៥០.០០០ដុល្លារអាម៉េរិក។ គម្រោងនេះត្រូវបានអនុវត្តន៍ក្រោមភាពជាដៃគូរឹងមាំរវាងKOICA, UNESCO និង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង នៃព្រះរាជាណាចក្រកម្ពុជា។

សមាសធាតុសំខាន់ៗនៃគម្រោងរួមមាន៖ ទី១-ការអភិរក្ស និងការធ្វើឌីជីថលឯកសារដែលមានក្នុងបញ្ជី នៃការចងចាំពិភពលោក (ប្រមាណ ៤០០.០០០ទំព័រ) ដែលគួរតែត្រូវបានបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០១៩។ ទី២-បង្កើតមូលដ្ឋានទិន្នន័យពីរភាសា(ខ្មែរ/អង់គ្លេស) ផ្អែកលើការធ្វើលិបិក្រមនៃឯកសារ និង មូលដ្ឋានទិន្នន័យដែលមានស្រាប់ (សាកលវិទ្យាល័យខនលែល, សាកលវិទ្យាល័យយេល, អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលា ការកម្ពុជា(ECCC), និង សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង(TSGM) ។ទី៣​-ការបង្កើតគេហទំព័រ ដោយប្រើប្រភពជំនួយដើម្បីបង្កើតទំនាក់ទំនងបន្ថែមរវាង ឯកសារ និងការបង្កើតកន្លែងពហុព័ត៌មាន។ ទី៤-បញ្ចូលបុគ្គលិក TSGM ក្នុងសកម្មភាពផ្សេងៗដែលបានរៀបរាប់ខាងលើដើម្បីឱ្យពួកគេអាចបន្តធ្វើឌីជីថល (ជាពិសេសចម្លង) និងគ្រប់គ្រងគេហទំព័រ ។ ទី៥-ការរៀបចំសន្និសីទអន្តរជាតិស្តីពី ប្រធានបទប្រល័យពូជសាសន៍ ការចងចាំ និងសន្តិភាព នៅប្រទេសកម្ពុជានៅឆ្នាំ២០១៩ ក្នុងខែសីហា ឆ្នាំ២០១៩ ដើម្បីអបអរសាទរខួបលើកទី៤០ នៃការបង្កើតសារមន្ទីរ៕

ដោយ អ៊ុក សាផាន