អាជ្ញាធរទន្លេសាប បើកវគ្គបណ្តុះបណ្តាលស្តីពី ការផលិតវីដេអូ និង ការសរសេរអត្ថបទខ្លី

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ -កាលពីព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប មានរៀបចំបើកវគ្គបណ្តុះ បណ្តាលស្តីពី “ការផលិតវីដេអូ និង ការសរសេរអត្ថបទខ្លី» ដល់មន្ត្រីអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាបក្រោមអធិបតីភាពឯកឧត្តម ខូវ មាស អគ្គលេខាធិការរងអាជ្ញាធរទន្លេសាប ។

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការផលិតវីដេអូ និងការសរសេរអត្ថបទខ្លី» ដល់មន្ត្រីអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាបនេះមានេយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៩ ។ ក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹងក្នុងការអនុវត្តបង្កើតមាតិកាវីដេអូ និង ការសរសេរអត្ថបទសម្រាប់ផលិតវីដេអូ  បង្កើនការយល់ដឹងពីប្លង់ថត និង បច្ចេកទេសវីដេអូ និងបទយកការណ៍ ការយល់ដឹងពីការអនុវត្តជាក់ស្តែងនៃការថតវីដេអូ ការប្រើប្រាស់កម្មវិធីសម្រាប់កាត់តដើម្បីផលិតវីដេអូ ។

ក្រោយបញ្ចប់ការសិក្សា វគ្គបណ្តុះបណ្តាលនេះសិក្ខាកាមនឹងទទួលបាន នូវចំណេះដឹងលើបច្ចេកទេសបង្កើតវីដេអូ សម្រាប់ social Media ។ទទួលបានចំណេះដឹងលើបច្ចេកទេសធ្វើបទសម្ភាសន៍ បទយកការណ៍ Video voxp-pop និងការប្រើប្រាស់កាមេរ៉ា។ ការយល់ដឹងពី A-Roll and B-Roll និង របៀបរៀបចំផែនការសម្រាប់ធ្វើមាតិកា ដើម្បីផលិតវីដេអូ និងសរសេរអត្ថបទវិដេអូ និងទទួលបានចំណេះដឹងពីការប្រើប្រាស់កម្មវិធីកាត់តក្នុងទូរស័ព្ទ សម្រាប់បង្កើតវីដេអូខ្លីដោយអនុវត្តន៍ជាក់ស្តែង៕

ដោយ ណយ ណយ នឿន(ប្រភពៈអាជ្ញាធរទន្លេសាប)