KOICA បន្តគាំទ្រមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិលនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៩​ -តាមសេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) នៅថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំគុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ​ឆ្នាំ២០១៩ បានឱ្យដឹងថា ដើម្បីជួយដល់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យអាកាសចរស៊ីវិលរបស់កម្ពុជានិងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា​ ជាពិសេសធនធានមនុស្សក្នុងការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានបន្តគាំទ្រដល់ប្រទេសកម្ពុជាតាមរយៈការផ្តល់ម៉ាស៊ីនភ្លើងថ្មីដែលមានសមត្ថភាពខ្ពស់ដល់ទៅ ៥១០KVA និងកែលម្អប្រព័ន្ធទឹកសួនច្បារ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល កម្ពុជា (Cambodia-CATC) ។

សេចក្ដីប្រកាសព័ត៌មាននេះក៏បានបង្ហាញពីគោលបំណងនៃការផ្តល់ម៉ាស៊ីនភ្លើងដែលមានកម្លាំងខ្លាំងនេះ គឺដើម្បីផ្គត់ផ្គង់កម្លាំងអគ្គិសនីប្រើប្រាស់ឱ្យបានគ្រប់គ្រាន់នៅក្នុងអគារមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល ដែលរួមមាន ៖ សកម្មភាពបង្រៀន ជំនួយក្នុងសកម្មភាពបង្រៀន ឧបករណ៍ជំនួយចរាចរណ៍(NAVAID) បរិក្ខារឧបករណ៍វាស់ប្រេកង់ខ្ពស់ (VOR) ឧបករណ៍វាស់ចម្ងាយ (DME) ឧបករណ៍ប្រព័ន្ធចុះចត (ILS) ការត្រួតពិនិត្យចរាចរណ៍តាមអាកាស (ATC) ឧបករណ៍សុវត្ថិភាពអាកាសចរ(AVSEC) ព្រមទាំងសម្រាប់ការរៀបចំកម្មវិធីផ្លូវការនានា ក្នុងករណីដាច់ចរន្តអគ្គិសនីរបស់រដ្ឋ។

ជមួយគ្នានេះដែរ KOICA ក៏បានបញ្ជាក់អំពីសកម្មភាពដើម្បីកែលម្អប្រព័ន្ធទឹកក្នុងសួនច្បារ នៅក្នុងអគារនេះរួមមាន ៖ ១-ការដំឡើងឧបករណ៍សប់សម្ពាធទឹកឱ្យហូរខ្លាំង ដើម្បីផ្គត់ផ្គង់ប្រព័ន្ធទឹកនៅក្នុងសួនច្បារ។ ២-ការដំឡើងបំពង់ទឹកថ្មីដើម្បីទ្រទ្រង់ប្រព័ន្ធលំហូរទឹកនៅក្នុងសួនច្បារ។ គោលបំណងនៃសកម្មភាពទាំងនេះ គឺដើម្បីផ្តល់អត្ថប្រយោជន៍ដល់សិស្ស និងគ្រូ ក្នុងការជួយថែរក្សាបរិស្ថានរៀនដែលមានផាសុកភាព តាមរយៈពណ៌ធម្មជាតិនៃស្មៅ ផ្កា និងដើមឈើ ហើយសួននេះជួយបន្ធូរ នូវភាពតានតឹងពីការបង្រៀន និងការរៀនសូត្រ។ លើសពីនេះទៅទៀត វាអាចក្លាយជាទីធ្លាសម្រាប់រៀន ដែលសិក្ខាកាមទាំងអស់អាចចូលរួមក្នុងការធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។

គួររម្លឹកផងដែរថា គម្រោងសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល នៅរាជធានីភ្នំពេញនេះ គឺជាកម្មវិធីផ្តល់ឱ្យកម្ពុជា ក្រោមគម្រោងជំនួយហិរញ្ញប្បទាន ឥតសំណងរបស់ទីភ្នាក់ងារ KOICA ដែលមានទឹកប្រាក់សរុបប្រមាណ ១០,១លានដុល្លារអាម៉េរិក ដែលរួមបញ្ចូលទាំងការសាងសង់កន្លែងបង្រៀន និងការបណ្តុះបណ្តាលនិស្សិតអាកាសចរ ដោយគ្រូជនជាតិកូរ៉េ។ គម្រោងនេះត្រូវបានបញ្ចប់នៅចុងឆ្នាំ២០១៨ ហើយបច្ចុប្បន្នកយកាកំពុងអនុវត្តន៍ ការគាំទ្របន្ថែមទៀត ស្របតាមសំណើបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានការ ផ្តល់ម៉ាស៊ីនភ្លើងថ្មី និងការកែលម្អប្រព័ន្ធទឹកសួនច្បារ ៕

ដោយ អ៊ុក សាផាន