រដ្ឋមន្ត្រីក្រសួងកសិកម្មអនុញ្ញាតឱ្យនាយកអង្គការលេខាធិការដ្ឋានបណ្តាញអាស៊ីប៉ាស៊ីហ្វិក ចូលជួបពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យព្រៃឈើ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ -តាមប្រភពព័ត៌មានរបស់ក្រសួងកសិកម្មបានឱ្យដឹង កាលពីថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅឯទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យឯកឧត្តម Zhao Shucong នាយកអង្គការលេខាធិការដ្ឋានបណ្តាញអាស៊ីប៉ាស៊ីហ្វិក សម្រាប់ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព(APF Net)ដែលមានស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យព្រៃឈើ។

នៅក្នុងជំនួបនោះឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវកិច្ចស្វាគមន៍ ចំពោះឯកឧត្តម Zhao Shucong និងសហការីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ស្របពេលដែលប្រទេសទាំងពីរបាននិងកំពុងពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការពេញលេញ គ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ស្របតាមគោលនយោបាយខ្សែ        ក្រវាត់ និងផ្លូវ។ តាមរយ:ឯកឧត្តមZhao Shucong ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលចិន និងជាពិសេសអង្គការ ដែលបាននិងកំពុងជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ លើគម្រោងអភិវឌ្ឍន៍វិស័យព្រៃឈើកម្ពុជា។ ក្នុងទិសដៅស្តារ គ្រប់គ្រង និងអភិវឌ្ឍន៍ព្រៃឈើជាតិឡើងវិញ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្ថែមថា ក្រសួងដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ បានកំណត់យកទិសដៅទាំងនោះជាអាទិភាព និងកំពុងខិតខំប្រឹងប្រែងជំរុញជាខ្លាំង ដោយបានយកអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍” មកអនុវត្តន៍។

ឯកឧត្តម Zhao Shucong បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពរបស់គម្រោងដែលអង្គការបានជួយគាំទ្រ និងពិនិត្យលទ្ធភាពជាក់ស្តែង ដើម្បីផ្តល់ការគាំទ្រសម្រាប់គម្រោងថ្មីៗបន្ថែមទៀត។ តាមរយ:សមិទ្ធផលដែលរដ្ឋបាលព្រៃឈើសម្រេចបាន ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះក្រសួង ក៏ដូចជារដ្ឋបានព្រៃឈើដែលបានជួយសហការអនុវត្តន៍គម្រោងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។

ពាក់ព័ន្ធគម្រោងដែលកំពុងអនុវត្តន៍ ឯកឧត្តមបានបញ្ជាក់ថា អង្គការ APF Net នឹងពិនិត្យលទ្ធភាពក្នុងការបន្តការគាំទ្រជំហានទីពីរ ព្រោះឯកឧត្តមយល់ឃើញថា គម្រោងនេះបានបំពេញតួនាទីយ៉ាងសំខាន់ក្នុងគ្រប់គ្រង ស្តារ និងអភិវឌ្ឍន៍ធនធានព្រៃឈើកម្ពុជាឡើងវិញយ៉ាងមានប្រសិទ្ធភាព។ មួយវិញទៀត ភាគីទាំងពីរនឹងរួមគ្នាបង្កើតមជ្ឈមណ្ឌលមួយក្នុងគោលបំណងបង្កាត់ពូជឈើសំខាន់ៗ និងមានតម្លៃនៅកម្ពុជា ដោយគម្រោងនេះមានថវិកាឧបត្ថមប្រមាណជា ៥,៥លានដុល្លារអាម៉េរិក ហើយគ្រោងនឹងអនុវត្តន៍ក្នុងឆ្នាំ២០២០ ខាងមុខនេះ៕

ដោយ សេង សុវណ្ណនី