អ្នកស្លាប់ដោយសារឧក្រិដ្ឋកម្មចំនួនជាង ២៦.០០០ នាក់ក្នុងប្រទេសម៉ិកស៊ីកូនៅមិនទាន់កំនត់បានអត្តសញ្ញាណនៅឡើយ

ម៉ិកស៊ីកូ៖ ប្រធានាធិបតីម៉ិកស៊ីកូលោកអង់ដ្រេ ម៉ានូអែល ឡូប៉េ អូប្រាដ័រ  (Andres Manuel Lopez Obrador)  បាននិយាយកាលពីថ្ងៃច័ន្ទនេះថាឧក្រិដ្ឋកម្មដ៏សាហាវនៅក្នុងប្រទេសម៉ិកស៊ីកូបានបន្សល់ទុកសាកសពប្រហែលជាង ២៦.០០០ នាក់ដែលគេនៅមិនអាចកំណត់​អត្តសញ្ញាណបាន នៅឯមជ្ឈមណ្ឌលធ្វើកោសល្យវិច្ច័យនៅទូទាំងប្រទេស។

លោកប្រធានាធិបតីបាននិយាយនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់លោកថា   ការកំណត់អត្តសញ្ញាណជនរងគ្រោះគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពការងាររដ្ឋាភិបាលរបស់លោកដែលបានចូលកាន់តំណែងចាប់តាំងពីថ្ងៃទី ១ ខែធ្នូឆ្នាំមុនមកម៉្លេះ  ។

នៅពេលសួរថាតើរដ្ឋាភិបាលរបស់លោកនឹងអនុវត្តវិធានការតឹងរ៉ឹងជាងមុនចំពោះឧក្រិដ្ឋកម្មដែរឬទេ? លោកប្រធានាធិបតីម៉ិកស៊ីកូ បានមានប្រសាសន៍ថា   លោកជឿជាក់ថាវិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការលុបបំបាត់អំពើហឹង្សាគឺការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ   មិនមែនជាការប្រើអំពើហឹង្សាដើម្បីទប់ស្កាត់នោះទេ។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២៧.០៨.១៩)