សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាប AIPA ពីសារ:សំខាន់វិស័យការទូតសភា ក្នុងការជំរុញការអភិវឌ្ឍសហគមន៍អាស៊ាន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ -សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនមហាសន្និបាតអន្តរសភាអាស៊ាន ដែលហៅកាត់ AIPA ដែលបានប្រារព្ធធ្វើនៅព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ ថា ការងារការទូតសភា និងភាពជាដៃគូជាកត្តាសំខាន់មួយក្នុងកាលៈទេសៈបច្ចុប្បន្ន ដើម្បីជំរុញការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកប្រកបដោយចីរភាព។

សម្តេចបានគូសបញ្ជាក់ថា គ្មានប្រទេសណាមួយស្ថិតនៅឯកោ ដោយគ្មានទំនាក់ទំនងជាមួយប្រទេសដទៃទៀតឡើយ។  សម្តេចប្រធានរដ្ឋសភាបានស្នើដល់ AIPA ត្រូវមានគោលជំហររួមមួយ ដែលមានភាពបន្ស៊ីគ្នារវាងផលប្រយោជន៍ជាតិ និងផលប្រយោជន៍តំបន់។ លើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាកត្តាសំខាន់ចាំបាច់ដែល AIPA គួរតែយកចិត្តទុក ដាក់តាមដាន និងរក្សាឱ្យបាននូវជំហររួមរបស់ខ្លួន​។ គាំទ្រដល់ប្រព័ន្ធពហុភាគីនិយម ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ការគោរព ការយោគយល់ និងការគិតគូរផលប្រយោជន៍គ្នាទៅវិញទៅមក ដោយមិនមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង អធិបតេយ្យភាព និងបូរណភាពដែនដី គឺជាមូលដ្ឋានគ្រឹះ នៃសន្តិភាពប្រកបដោយចីរភាព។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បន្តថា ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពជាគោលការណ៍គ្រឹះ របស់សហគមន៍អាស៊ាន និងជាចំណុចស្នូលដ៏សំខាន់របស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយ ដែលមានសមាហរណកម្មជិតសិទ្ធនាពេលអនាគត ដោយផ្អែកលើគោលការណ៍ប្រកបដោយបរិយាប័ន្ន។ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ AIPAឱ្យគិតគូរ និងយកចិត្តទុកដាក់បញ្ហាការប្រើប្រាស់កម្លាំងពលកម្មប្រកប ដោយប្រសិទ្ធភាពផងដែរ។ សម្តេចបានសង្កត់ធ្ងន់ថា ប្រទេសក្នុងតំបន់ទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តប្រព័ន្ធគាំពារសង្គម ដើម្បីធានាថា​ ពលករចំណាកស្រុកទាំងអស់ រួមទាំងក្រុមគ្រួសារពួកគេ ត្រូវបានការពារដោយច្បាប់ និងទទួលបានសេវាសាធារណៈដោយមិនរើសអើង។

សូមបញ្ជាក់ថា អន្តរសភាអាស៊ានដែលហៅកាត់ថា (AIPA) ជាអង្គការអន្តរសភា ជាតំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមានសមាជិក១០ប្រទេស គឺ ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ វៀតណាម និងប្រទេសហ៊្វីលីពីន ។ AIPA ជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ដើម្បីធ្វើជាដៃគូអាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ ។ បន្ទាប់ពីកិច្ចប្រជុំពេញអង្គទៅ មហាសន្និបាត AIPAនឹងបើកកិច្ចប្រជុំតាមគណៈកម្មាធិការរបស់ខ្លួនជាបន្តបន្ទាប់ ដែលមានដូចជា គណៈកម្មាធិការនយោបាយ នឹងជជែកពីបញ្ហាអំពើភេវរកម្ម ភាពជ្រុលនិយម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆំាងអំពើពុករលួយ ។ កិច្ចប្រជុំគណៈកម្មាធិការស្រ្តី នឹងជជែកពីបញ្ហាសមភាពយេនឌ័រ។ ចំណែកគណៈកម្មាធិការសេដ្ឋកិច្ច នឹងលើកឡើងប្រធានបទជាច្រើនមកជជែកគ្នា ដូចជា ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរួមនៅអាស៊ាន។ ការធ្វើឱ្យប្រសើរឡើងលើសហប្រតិបត្តិការអាស៊ាន ដើម្បីត្រៀមខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤។

គណៈប្រតិភូសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងចូលរួមតាមគណៈកម្មាធិការទំាងអស់នោះ។​ វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាលើឆាកអន្តរជាតិ គឺជាការបំពេញបេសកកម្មការទូតសភានៅក្នុងការចូលរួមកសាងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដោយចីរភាពនៅក្នុងតំបន់និ ងពិភពលោក។ នេះក៏ជាការកសាងកិត្យានុភាពដល់សភា និងប្រទេសជាតិយើងនៅលើឆាកអន្តរជាតិផងដែរ៕

ដោយ ប៉ាល់ សុង