អភិបាលខេត្តព្រះសីហនុចាប់ផ្ដើមពង្រឹងការងារ សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ

វិទ្យុជាតិកម្ពុជា

អភិបាលខេត្តព្រះសីហនុ បាន ណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវយកចិត្តទុកដាក់ ពង្រឹងការងារត្រូវពិនិត្យរដ្ឋបាលចំហរ នៅតាមកន្លែងស្នាក់នៅអចិន្ត្រៃយ៏របស់ជនបរទេស ត្រួតពិនិត្យអាវុធ ជាតិផ្ទុះ និងត្រួតពិនិត្យជាតិអាកុល ចំពោះអ្នកបើកបរគ្រប់ប្រភេទ ចាប់ពីទោចចក្រយានយន្ត និងយានយន្តគ្រប់ប្រភេទនៅតាមចំណុចគោលដៅ ដើម្បីធានាសន្តិ សុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ។ ពិសេសអ្នកវិនិយោគគិនក្នុងខេត្តព្រះសីហនុ អោយមានជំនឿ និងទំនុកចិត្តមករកស៊ីបណ្តាក់ទុននៅខេត្តព្រះសី ហនុ កាន់តែច្រើនបន្ថែមទៀត ។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត ដោយផ្តោតសំខាន់លើការងារសន្តិសុខ សុវត្ថិ ភាពសាធារណៈ នាព្រឹកថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ បានណែនាំឱ្យមន្ត្រីចរាចរណ៍ផ្លូវគោក ត្រូវពិនិត្យលើយានយន្តដែលគ្មានស្លាកលេខ​ គ្រប់ភេទ ត្រូវធ្វើការឃាត់ទុក​ ហេីយបញ្ជូនទៅឱ្យជំនាញ​ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ យកទៅរក្សាទុក ។ ឯកឧត្តមបន្តថា នៅពេលម្ចាស់យកស្លាកលេខបំពាក់រួចរាល់ ទើបឱ្យធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ ដើម្បីឱ្យសមត្តកិច្ចរបស់យើងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងយានយន្ត​ ដែលធ្វើចរាចរណ៍ក្នុងក្រុង ខេត្តព្រះសីហនុ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះសីហនុ ។ ព្រោះគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈមមួយខ្លាំង​ សម្រាប់ខេត្តព្រះសីហនុ​ នាពេលបច្ចុប្បន្ន​ ដោយសារតែកំណើន នៃការដឹកជញ្ជូនពីមួយថ្ងៃទៅមួយថ្ងៃ​ មានការកើនឡើងយ៉ាងខ្លាំង​ គួរឱ្យកត់សម្គាល់ ស្របពេលដែលខេត្តព្រះសីហនុ​ កំពុងមានសកម្មភាពអភិវឌ្ឍន៍យ៉ាងលឿន នូវអគារពាណិជ្ជកម្ម សណ្ឋាគារ និងផ្ទះសំណាក់ ជាច្រើនសន្ធឹកសន្ធាប់​ នាពេលបច្ចុប្បន្ននេះ ៕