ប្រមុខរាជរដ្ឋាភិបាលដាក់ចេញផែនការប្រែក្លាយពលករប្រើកម្លាំងទៅជាពលករដែលមានជំនាញ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា
MC៖ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញការប្រែក្លាយពលករប្រើកម្លាំងទៅជាពលករដែលមានជំនាញដើម្បីស្របតាមយុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជានឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។
យោងតាមសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០១៩ នេះដោយបានណែនាំអោយ ក្រសួងអប់រំយុវជននិងកីឡាត្រូវមានផែនការប្រែក្លាយមជ្ឈមណ្ឌលសិក្សាមួយចំនួនដូចជាមជ្ឈមណ្ឌលសិក្សានៅតាមរោងចក្រនិងមជ្ឈមណ្ឌលអភិវឌ្ឍយុវជន ឲ្យក្លាយទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត។សារលិខិតបានបន្តទៀតថា ក្រសួងអប់រំយុវជននិងកីឡាក៏ត្រូវសហការជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដាក់ឲ្យដំណើរការ«កម្មវិធីសមមូលកម្រិតអប់រំមូលដ្ឋានតាមប្រព័ន្ធបច្ចេកវិទ្យា»ដើម្បីផ្ដល់ឱកាសសិក្សាដល់កម្មករទាំងនៅក្នុងនិងក្រៅប្រទេសឱ្យមានលទ្ធភាពបន្តការសិក្សាតាមបែបអនឡាញឬតាមបែប ឌីជីថល។
ជាមួយគ្នានេះដែរសមិទ្ធផលនៃការអនុវត្តកម្មវិធីអក្ខរកម្មទាំងនេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាព្រមទាំងការចូលរួមគាំទ្រដោយចិត្តស្មោះសពីអ្នកពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍នានាជាពិសេសកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់មន្ត្រីរាជការព្រះសង្ឃបញ្ញវន្តម្ចាស់រោងចក្រ សហគ្រាស សិស្ស និងនិស្សិតទូទាំងប្រទេស។
សាលិខិតបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តជាផ្លូវការនូវគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិតក្នុងគោលបំណង«ផ្ដល់ឱកាសនិងគាំទ្រឲ្យប្រជាជនគ្រប់រូបទទួលបានការសិក្សាគ្រប់រូបភាពនិងប្រើប្រាស់ចំណេះដឹងតាមជំនាញដែលទទួលបានដើម្បីបង្កើនប្រសិទ្ធភាពគុណភាពផលិតភាពការងារនិងប្រាក់ចំណូលតាមយុគសម័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននិងសង្គមពុទ្ធិ»។

សូមបញ្ជាក់ថា នៅឆ្នាំ ២០១៩នេះ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ត្រូវប្រារព្ធឡើងក្រោមប្រធានបទ«អក្ខរកម្មផ្សារភ្ជាប់និងជំនាញមុខរបរ»ដែលមានចក្ខុវិស័យអភិវឌ្ឍប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ឱ្យទទួលបានឱកាសសិក្សាពេញមួយជីវិតគ្រប់ពេលវេលា គ្រប់ទីកន្លែងនិងគ្រប់មធ្យោបាយ ប្រកបដោយវិជ្ជាសម្បទាបំណិនសម្បទាចរិយាសម្បទានិងគុណសម្បទាដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិនិងសុខដុមជីវិតបុគ្គលនិងសង្គម។ទស្សនាទាននៃប្រធានបទនៅឆ្នាំនេះមិនសំដៅត្រឹមតែការរៀនអក្សរនិងលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានគិតគូរដល់ឱកាសសម្រាប់យុវជនយើងទទួលបានចំណេះដឹងចំណេះធ្វើសហគ្រិនភាពជំនាញមុខរបរ និងនវានុវត្តន៍គ្រប់ផ្នែកគ្រប់វិស័យជាពិសេសអក្ខរកម្មបច្ចេកវិទ្យាដែលសព្វថ្ងៃកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស៕