ប្រមុខការទូតកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ នៃការធ្វើប្រជាមតិរបស់ប្រជាជនទីម័រឡេស្តេ

វិទ្យុជាតិកម្ពុជា៖ អាត ចន្ធូ ២៦ ០៨ ២០១៩ ៖

ប្រមុខការទូតកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ នៃការធ្វើប្រជាមតិរបស់ប្រជាជនទីម័រឡេស្តេ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងឌីលី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ នៃការធ្វើប្រជាមតិរបស់ប្រជាជនទីម័រឡេស្តេ នៅទីក្រុងឌីលី រួមជាមួយតំណាងមកពីបណ្តាប្រទេសសមាជិកអាស៊ាន ប្រទេសនិយាយភាសាព័រទុយហ្គាល់ ប្រទេសអូស្រ្តាលី និងអង្គការសហប្រជាជាតិផងដែរ។
សូបបញ្ជាក់ថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០០២ ក្រោយពីបានធ្វើការបោះឆ្នោតប្រជាមតិទាមទារឯករាជ្យ ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ១៩៩៩៕